(វ៉ាស៊ីនតោន)៖ ទីក្រុងប៉េកាំងជាថ្មីម្តងទៀត បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការបន្តចល័តនាវាចម្បាំងនានា ចូលមកក្នុងតំបន់សមុទ្រចិនខាងត្បូង បើទោះបីជាមានការរិះគន់ជាដដែលៗយ៉ាងក្តី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។
បើតាមក្រសួងការបរទេសចិន កងទ័ពជើងទឹកចិនបានធ្វើការព្រមានដល់ ក្រុមនាវាចម្បាំងអាមេរិក ដែលបានធ្វើនាវាចរនៅសមុទ្រចិនខាងត្បូង ឲ្យត្រឡប់ចេញទៅវិញជាបន្ទាន់ ខណៈទីក្រុងប៉េកាំងបានបន្តទទូចឲ្យទីក្រុងវ៉ាស៊ីនតោន ឈប់ធ្វើសកម្មភាពបង្កហេតុបែបនេះតទៀតទៅ។ ការចល័តនាវាអាមេរិកមកកាន់សមុទ្រចិនខាងត្បូង គឺជាការតតាំងមួយរបស់អាមេរិកចំពោះចិន ព្រោះទីក្រុងវ៉ាស៊ីនតោនកន្លងមកបានចោទប្រកាន់ថា ទីក្រុងប៉េកាំងបានប៉ុនប៉ងធ្វើការដាក់កំហិត ដល់សេរីភាពនៃការធ្វើនាវាចរ នៅក្នុងដែនទឹកយុទ្ធសាស្រ្ត ដែលមានទំហំពាណិជ្ជកម្មឆ្លង កាត់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនេះ។
យោធាអាមេរិកបានឲ្យដឹងថា នាវាចម្បាំងរបស់ខ្លួនចំនួនពីរគ្រឿងគឺ Preble និង Chung Hoon នាថ្ងៃចន្ទនេះបានធ្វើដំណើរនៅក្បែរ ប្រជុំកោះស្រ្ពាតលី (Spratly) ដែលមានបញ្ហាវិវាទនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជា ច្រើនទៀតនៃទំនាក់ទំនងចិន-អាមេរិក ដែលក្នុងនោះរួមមានសង្រ្គាមពាណិជ្ជកម្ម ទណ្ឌកម្មអាមេរិក និងបញ្ហាកោះតៃវ៉ាន់ជាដើម។
គួរជម្រាបថា កាលពីមួយសប្តាហ៍មុន អាមេរិកក៏បានចល័តនាវាចម្បាំងពីរគ្រឿង ឲ្យមកធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ផងដែរ ដែលបានទទួលរងការរិះគន់ខ្លាំងៗពីទីក្រុងប៉េកាំងដូចគ្នា៕