(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន បានយាងចូលរួមក្នុងពិធីក្បួនដង្ហែរមួយកាលពីល្ងាចថ្ងៃអាទិត្យ ដើម្បី ជាការរំឮកដល់អតីតព្រះមហាក្សត្រ នៅតាមផ្លូវមួយក្នុងសង្កាត់ដ៏ចំណាស់បំផុតនៃទីក្រុងបាងកក នៅចំពោះមុខការចូលរួម ដោយប្រជាជនពាក់អាវពណ៌លឿងរាប់ពាន់នាក់ ដែលឈរអបអរសាទរព្រះមហាក្សត្រថ្មី។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។
ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ឬព្រះចៅរាមាទី ១០ មានព្រះជន្ម ៦៦ព្រះវស្សា បានយាងចូលរួមក្នុងពិធីក្បួនដង្ហែរមានប្រវែង ៤០៣ម៉ែត្រ ដោយទ្រង់គង់នៅលើគ្រែស្នែងធ្វើពីមាស ក្នុងដំណើរផ្លូវយាងចាកចេញពីព្រះរាជវាំង សំដៅទៅកាន់មហាប្រាសាទចំនួន ០៣ នៅក្នុងសង្កាត់ រតនៈកូសិន (Rattanakosin) នៃរាជធានីបាងកក។ ក្បួនដង្ហែនេះទៀតសោត គឺជាផ្នែកមួយនៃព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិ រយៈពេល០៣ថៃ្ង។ ព្រះមហាក្សត្រថ្មីតម្រូវឲ្យយាងទៅកាន់ប្រាសាទចំនួន ០៣ ជាទីដែលអតីតព្រះមហាក្សត្រថៃធ្លាប់រំឮកដល់ស្នាព្រះហត្ថទាំងឡាយ នៃអតីតស្ដេចដែលធ្លាប់បានគ្រប់គ្រង អាណាចក្រមួយនេះគ្រប់ជំនាន់។
ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន បានស្នងរាជ្យពីព្រះបិតាទ្រង់តាំងតែពីចុងឆ្នាំ២០១៦ មកម្ល៉េះ បន្ទាប់ពី ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតទៅក្នុងខែតុលា ឆ្នាំ២០១៦។ ព្រះបាទ វិជ្ជិរ៉ាឡុងកន គឺជាបុត្រទី ២ និងជាបុត្រាតែមួយអង្គគត់របស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត និងម្ចាស់ក្សត្រី សិរីគិត (Sirikit) ហើយទ្រង់បានក្លាយជាព្រះរាជទាយាទកាលពីឆ្នាំ១៩៧២។
ខាងក្រោមនេះគឺកម្រងរូបភាពនៃពិធីក្បួនដង្ហែកាលពីល្ងាចថ្ងៃអាទិត្យ៖