(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានបញ្ជាក់ជាថ្មីឡើងវិញពីសាមគ្គីភាពរបស់ទីក្រុងម៉ូស្គូ ជាមួយប្រជាជនវេណេស៊ុយអេឡា និងការបន្តគាំទ្រលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ ស្ទើរតែគ្មានផ្លូវដោះស្រាយចេញនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។
លោក Lavrov ធ្វើការកត់សម្គាល់ដូចខាងលើនេះ បន្ទាប់ពីបញ្ចប់ជំនួបជាមួយសមភាគីវេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) កាលពីថ្ងៃអាទិត្យ។ ស្ថិតក្នុងឱកាសនោះ ប្រមុខការទូតរុស្ស៊ីបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងសូមបញ្ជាក់ឡើងវិញពីសាមគ្គីភាព ជាមួយប្រជាជនវេណេស៊ុយអេឡា និងការបន្តគាំទ្រប្រធានាធិបតីស្របច្បាប់លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលត្រូវ បានបោះឆ្នោតជ្រើសរើសដោយប្រជាជនវេណេស៊ុយអេឡាកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨... ហើយយើងក៏ស្វាគមន៍ផងដែរ ចំពោះវិធានការរបស់លោក ម៉ាឌូរ៉ូ ក្នុងការទប់ស្កាត់ភាពចលាចលនៅពេលបច្ចុប្បន្ន»។
គួរបញ្ជាក់ថា បើតាមលោក Sergei Lavrov លោកនឹងពិភាក្សាពីស្ថានភាពវេណេស៊ុយអេឡា ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅក្នុងជំនួបរវាងអ្នកទាំងពីរ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទនេះ នៅក្នុងប្រទេសហ្វាំងឡង់។ ចំណែកឯរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Arreaza ក៏បានស្នើឱ្យលោកប្រមុខការទូតរុស្ស៊ីប្រាប់លោក ប៉ុមប៉េអូ ដែរថា កិច្ចសន្ទនាគឺមធ្យោបាយតែមួយគត់ដែលអាចដោះស្រាយវិបត្តិ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ៕