(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដំឡើងពន្ធគិតជាទឹកប្រាក់ស្មើនឹង «២០០ពាន់លានដុល្លារ» លើផលិតផលរបស់ចិន ដោយសារតែដំណើរការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិនមានភាពយឺតយ៉ាវពេក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។

តាមរយៈបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ត្រាំ បានបញ្ជាក់ទៀតថា ពន្ធ១០ភាគរយលើផលិតផលមួយចំនួនរបស់ចិន អាចនឹងត្រូវដំឡើងដល់ ២៥ភាគរយនៅថ្ងៃសុក្រសប្ដាហ៍នេះ រីឯផលិតផលចិនដែលមិនជាប់ពន្ធគិតជាទឹកប្រាក់ ៣២៥ពាន់លានដុល្លារ ក៏អាចត្រូវនឹងប្រឈមមុខនឹងជាប់កតាព្វកិច្ចបង់ពន្ធ ២៥ភាគរយផងដែរ។ លោក ត្រាំ បន្ថែមដូច្នេះថា «ការដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយចិន កំពុងបន្តទៅមុខ ប៉ុន្តែវាមានល្បឿនយឺតណាស់ ខណៈពួកគេធ្វើដូចជាកំពុងព្យាយាមចរចាឡើងវិញ។ ដូច្នេះវាមិនអាចទេ...»

គួរជម្រាបថា រហូតមកទល់នឹងពេលនេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធ ២៥០ពាន់លានដុល្លារ​លើផលិតផលនាំចូលចិន ដោយចោទប្រកាន់ថា ទីក្រុងប៉េកាំងធ្វើពាណិជ្ជកម្មមិនមានភាពយុត្តិធម៌។ ប៉ុន្តែជាការឆ្លើយតប ចិនក៏បានដំឡើងពន្ធ ១១០ពាន់លានដុល្លារ លើផលិតផលនាំចូលពីសហរដ្ឋអាមេរិកផងដែរ ដោយចោទបកត្រឡប់ទៅវិញថា ទីក្រុងវ៉ាស៊ីនតោនជាអ្នកបង្កសង្រ្គាមពាណិជ្ជកម្មមុន៕