(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានឡើងគ្រងរាជសម្បត្តិ Chrysanthemum Throne កាលពីថ្ងៃទី០១ ខែឧសភាកន្លងទៅ បន្ទាប់ពីព្រះបិតារបស់ទ្រង់ Akihito មានព្រះជន្ម៨៥ព្រះវស្សា បានសម្រេចព្រះទ័យដាក់រាជ្យ ដោយសារតែបញ្ហាព្រះរាជសុខភាព។
ព្រះចៅ Akihito គឺជាព្រះចៅអធិរាជជប៉ុនទី១២៥ ហើយទ្រង់បានក្លាយជាព្រះចៅអធិរាជជប៉ុនដំបូងគេបំផុតដែលដាក់រាជ្យ ក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ។ ចំណែកឯ ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានចាប់ផ្ដើមរជ្ជកាល Reiwa របស់ ព្រះអង្គជាផ្លូវការក្នុងនាមជាព្រះចៅអធិរាជជប៉ុនទី១២៦ កាលពីថ្ងៃទី០៣ ខែឧសភា។
*តើយើងដឹងអ្វីខ្លះពីព្រះចៅអធិរាជជប៉ុនថ្មី Naruhito?
ព្រះចៅអធិរាជជប៉ុនថ្មី Naruhito ប្រសូតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៦០ ក្នុងទីក្រុងតូក្យូ ហើយទ្រង់ និងព្រះមហេសី Masako Owada សុទ្ធតែធ្លាប់បានបញ្ចប់ការសិក្សានៅឯក្រៅប្រទេស។ ព្រះអង្គ Naruhito ដែលមានព្រះជន្ម៥៩វស្សា បានបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រប្រវិត្តសាស្ត្រពីសាកលវិទ្យាល័យ Gakushuin នៅខែមីនា ឆ្នាំ១៩៨២។ លើសពីនេះ ទៅទៀត ទ្រង់ក៏បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេសដែរ។
រីឯព្រះមហេសី Masako ទទួលបានការអប់រំនៅសាកលវិទ្យាល័យ Harvard និង Oxford។ ព្រះអង្គទាំង២ បានរៀប អភិសេកនឹងគ្នានៅឆ្នាំ១៩៩៣ ហើយមានបុត្រីតែម្នាក់ប៉ុណ្ណោះគឺព្រះនាងម្ចាស់ Aiko ប្រសូត នៅឆ្នាំ២០០១។ ប៉ុន្តែបើ តាមជប៉ុន បុត្រីមិនអាចឡើងសោយរាជ្យបានទេ។
ម្យ៉ាងវិញទៀត ព្រះចៅអធិរាជ Naruhito ក៏ត្រូវបានគេរំពឹងដែរថានឹងមានគំនិតយល់ឃើញដូចគ្នានឹងព្រះបិតារបស់ទ្រង់ ជុំវិញសង្រ្គាមលោកលើកទី២។ អតីតព្រះចៅអធិរាជ Akihito មិនដែលធ្វើការសូមទោសណាមួយចំពោះទង្វើកងទ័ពជប៉ុន បានប្រព្រឹត្តនៅអំឡុងសង្រ្គាមលោកលើកទី២នោះទេ ពីព្រោះច្បាប់ជប៉ុនបានហាមឃាត់ព្រះចៅអធិរាជ្យពីការធ្វើសេចក្ដី ថ្លែងការណ៍ខាងនយោបាយ។
ដោយឡែក នៅអំឡុងពិធីថ្លែងព្រះរាជសារទៅកាន់ប្រជាជាតិជប៉ុន ព្រះចៅអធិរាជ Naruhito ក៏បានសន្យាផងដែរថាទ្រង់ នឹងធ្វើជានិមិត្តរូបនៃរដ្ឋ និងឯកភាពជាតិជប៉ុន។
គួរជម្រាបថា កាលពីថ្ងៃពុធកន្លងទៅ ព្រះចៅអធិរាជ Naruhito បានស្នងរាជបល្ល័ង្ក ជ្រីសានថេម៉ាម (Chrysanthemum) ហើយការឡើងគ្រងរាជ្យរបស់ព្រះអង្គ គឺជាការបិទបញ្ចប់នូវសករាជ ឬរជ្ជកាលចាស់ហៅថា ហៃសី (Heisei) និងជាការបើកទំព័រសករាជថ្មីហៅថា រៃវ៉ា (Reiwa)៕