(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានណែនាំឱ្យកងទ័ព និងកងកម្លាំងប្រដាប់អាវុធ ទាំងអស់ត្រៀមខ្លួនជានិច្ច ដើម្បីទប់ទល់នឹងការធ្វើអន្តរាគមន៍យោធាឈ្លានពានរបស់សហរដ្ឋអាមេរិក ដែលលោកផ្ទាល់ ចោទថាជាមេគំនិតនៃការធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីដើមសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩។

លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់ខាងលើនាឱកាសចុះត្រួតពិនិត្យការធ្វើសមយុទ្ធយោធាមួយនៅឯរដ្ឋ Cojedes កាលពីថ្ងៃសៅរ៍។ ថ្លែងនាឱកាសនោះដែរ ប្រធានាធិបតីរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «កងទ័ព និងកងកម្លាំងប្រដាប់ អាវុធវេណេស៊ុយអេឡាទាំងអស់ត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីការពារប្រទេសជាតិជាមួយអាវុធនៅក្នុងដៃ បើសិនជា សហរដ្ឋអាមេរិកហ៊ានឈ្លានពានទឹកដីមួយនេះ»។ លោក ម៉ាឌូរ៉ូ បន្ថែមថាវេណេស៊ុយអេឡាមិនមែនជាប្រទេសទន់ខ្សាយ ឬគ្មានក្ដីសង្ឃឹមនោះឡើយ ដូច្នេះកងទ័ពទាំងអស់ត្រូវតែរួបរួមគ្នា និងមានភាពស្មោះត្រង់ចំពោះប្រទេសជាតិខ្លួនឯង។

គួរជម្រាបថា កាលពីថ្ងៃអង្គារកន្លងទៅ មេដឹកនាំបក្សប្រឆាំងលោក Juan Guaido បានទទួលស្គាល់ថាលោកបានចាប់ ផ្ដើមអនុវត្តដំណាក់កាលចុងក្រោយនៃការធ្វើរដ្ឋប្រហារបណ្ដេញលោក ម៉ាឌូរ៉ូ ចេញពីអំណាច។ ចំណែកឯ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថានឹងមានរឿងជាច្រើនកើតឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡា នៅសប្ដាហ៍ក្រោយនេះ៕