(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថានៅតែទុកចិត្តលើលោក គីម ជុងអ៊ុន ចំពោះ ការសន្យារំសាយអាវុធនុយក្លេអ៊ែរ បើទោះជាទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថាបានបាញ់សាកល្បងមីស៊ីលរយៈ ចំងាយខ្លីក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងនៅលើ Twitter កាលពីថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំបានលើកឡើងដូច្នេះថា៖«ខ្ញុំនៅតែជឿទុក ចិត្តលើលោក គីម ជុងអ៊ុន ចំពោះការសន្យារំសាយអាវុធនុយក្លេអ៊ែរ...គាត់ក៏ដឹងដែរថាខ្ញុំជឿលើគាត់ ហើយគាត់នឹង មិនក្បត់ពាក្យសន្យាជាមួយខ្ញុំឡើយ»។
គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងកាលពីព្រឹកថ្ងៃសៅរ៍ បានបាញ់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ ចេញពីទីក្រុង Wonsan ដែលស្ថិតនៅឆ្នេរខាងកើតប្រទេសឆ្ពោះទៅកាន់សមុទ្រជប៉ុន (ឬហៅថាសមុទ្រខាងកើត) ដោយ វាហោះបានក្នុងចំងាយពី៧០ ដល់២០០គីឡូម៉ែត្រ។ ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានទទួលស្គាល់ថាទីក្រុងព្យុងយ៉ាងបានដឹកនាំការបាញ់សាកល្បងយានបាញ់គ្រាប់រ៉ុក្កែត និងអាវុធសាស្ត្រជាច្រើនគ្រាប់ ក្រោមការបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់លោក គីម ជុងអ៊ុន។
ក៏ប៉ុន្តែ បើទោះជាកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីពិតមែន ក៏វាមិនមែនជាការក្បត់សន្យាជាមួយលោក ដូណាល់ ត្រាំឡើយ ព្រោះលោក គីម បានសន្យាថានឹងមិនបាញ់សាកល្បងមីស៊ីលរយៈចំងាយឆ្ងាយ និងអាវុធ នុយក្លេអ៊ែរតែប៉ុណ្ណោះ៕