(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) នៅថ្ងៃអាទិត្យនេះបានទទួលស្គាល់ថាទីក្រុងព្យុងយ៉ាងបានដឹកនាំ ការបាញ់សាកល្បងយានបាញ់គ្រាប់រ៉ុក្កែត និងអាវុធសាស្ត្រជាច្រើនគ្រាប់ក្រោមការបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ពី សំណាក់លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩។

KCNA ផ្អែកលើការស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន ក៏បានបញ្ជាក់ដែរថា ការបាញ់សាកល្បងអាវុធកាលពីថ្ងៃសៅរ៍ គឺ ធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាពការពារជាតិប្រឆាំងនឹងរាល់ការគំរាមកំហែង ក៏ដូចជាការឈ្លានពាននានា ជាពិសេសគឺបង្កើនសមត្ថភាពវាយប្រហារដោយគ្រាប់រ៉ុក្កែត និងអាវុធយុទ្ធសាស្ត្រ។

គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងកាលពីព្រឹកថ្ងៃសៅរ៍ បានបាញ់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ ចេញពីទីក្រុង Wonsan ដែលស្ថិតនៅឆ្នេរខាងកើតប្រទេសឆ្ពោះទៅកាន់សមុទ្រជប៉ុន (ឬហៅថាសមុទ្រខាងកើត) ដោយ វាហោះបានក្នុងចំងាយពី៧០ ដល់២០០គីឡូម៉ែត្រ៕