Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាមកំពុងពិចារណាដាក់ពិន័យឲ្យកាន់តែធ្ងន់ថែមទៀត ចំពោះអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

04-05-2019 21:31

(ហាណូយ)៖ ក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម កំពុងធ្វើការសិក្សាវាយតម្លៃអំពីលទ្ធភាព ដើម្បីដំឡើងការដាក់ពិន័យទាក់ទង ករណីបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ឲ្យដល់ចន្លោះពី២០លានដុងទៅ៣០លានដុង ដែលស្មើ៨៧០ដុល្លារទៅ១,៣០៤ដុល្លារ ព្រមទាំងដកហូតបណ្ណបើកបររយៈពេល២៤ខែ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Vietnam News នៅយប់ ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩។

នៅក្រោមច្បាប់បច្ចុប្បន្ន កម្រិតនៃការដាក់ពិន័យខ្ពស់បំផុត គឺជាលុយចន្លោះពី៦៩៦ដុល្លារទៅ៧៨៣ដុល្លារ រួមជាមួយការដកហូត បណ្ណបើកបរសម្រាប់រយៈពេលពី៤ទៅ៦ខែ។ ក្នុងអំឡុងខែមករានិងខែមេសា ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចណ៍៥,៤៥៣ករណី បានកើតមាននៅក្នុងប្រទេសវៀតណាម ដោយមនុស្ស២,៥៧០នាក់ បានបាត់បង់ជីវិត ១,៦១៥នាក់របួសធ្ងន់ និង២,៥៦៤រងរបួសស្រាល។

គួរជម្រាបថា ប្រព័ន្ធកាមេរ៉ានឹងត្រូវបំពាក់សាកល្បង នៅក្នុងរដ្ឋធានីហាណូយនិងទី ក្រុងហូជីមិញ មុនឆ្នាំ២០២០ ហើយ នៅទូទាំងប្រទេស មុនឆ្នាំ២០២២ ដើម្បីតាមដានបទល្មើសចរាចរណ៍ ដែលអាជ្ញាធរវៀតណាមសង្ឃឹមថា នឹងអាចជួយកាត់បន្ថយការកកស្ទះក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ៕