(បាងកក)៖ ពិធីគ្រងមកុដរាជទៅតាមទំនៀមទម្លាប់ នៃរាជវង្សានុវង្សថៃត្រូវបានបញ្ចប់ជា ស្ថាពរហើយសម្រាប់ថ្ងៃទី១ នៃព្រះរាជពិធីឡើងគ្រងរាជសម្បត្តិរបស់ស្តេចអង្គថ្មី នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលប្រការនេះមានន័យថា ចាប់តាំងពីពេលនេះតទៅ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន គឺជាព្រះមហាក្សត្រពេញសិទ្ធិ នៃប្រជាជាតិអាស៊ីអាគ្នេយ៍ មួយនេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩។
ព្រះរាជពិធីទាំងមូលដែលគ្រោងប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃនោះ បានចាប់ផ្តើមតាំងតែពី វេលាម៉ោង ១០៖០៩នាទីព្រឹកថ្ងៃសៅរ៍នេះ ដោយទូរទស្សន៍រដ្ឋរបស់ប្រទេសថៃបានចាប់ ផ្តើមផ្សាយបន្តផ្ទាល់នូវសកម្មភាពជាបន្តបន្ទាប់ នៅក្នុងព្រះរាជពិធីទាំងមូល។ ព្រះបាទ វិជ្ជិរ៉ាឡុងកន បានឡើងគង់ប្រថាប់លើរាជបល្ល័ង្ក ក្រោមមហាស្វេតឆ័ត្រ ជាមួយការថ្វាយនូវគ្រឿងបញ្ចក្សេត្រទាំង ៥ ដែលជាគ្រឿងតំណាងឲ្យព្រះចេស្តា ព្រះមហាក្សត្ររួមមាន៖ ព្រះមហាពិជ័យម្កុដ (ម្កុដ), ព្រះសែងខ័ឌ្គជ័យស្រី (ដាវ), ព្រះទណ្ឌៈ (ដំបង), ព្រះវាលវិជនី (ផ្លិតរោមសត្វ), ព្រះសុពណ៌បាទុកា (ស្បែកជើង)។
ចំណែកឯនៅម៉ោងប្រមាណជាង ១៖០០នាទីរសៀលថ្ងៃដដែល រាជពិធីសន្មត់នៃការឡើងគ្រងរាជសម្បត្តិ (Assumption of the Royal Residence) ត្រូវបានប្រព្រឹត្តទៅក្នុងវិមានរាជ ចក្រាបាត ប៊ិនម៉ាន់ (Chakrabat Biman Royal Residence) នៃព្រះបរមរាជវាំងថៃ ហើយនៅម៉ោង ២៖០០នាទីរសៀល ក៏មានការចូលគាល់ និងថា្វយព្រះពរជ័យ ពីសំណាក់បណ្តាសែរាជវង្ស ក្រុមប្រឹក្សាព្រះមហាក្សត្រ គណៈរដ្ឋមន្រ្តី ព្រមទាំងមន្រ្តីជាន់ខ្ពស់ឯទៀតនៅឯវិមាន រាជបល្ល័ង្ក អាម៉ារិនដ្រា វីនីកឆាយ៉ា (Amarindra Vinicchaya Throne)។
ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន បានមានព្រះបន្ទូលជាលើកដំបូងនាឱកាសនោះថា «ដើម្បីប្រជាជន និងព្រះរាជាណាចក្រនេះ ខ្ញុំព្រះករុណានឹងស្នងរាជ្យទៅតាមប្រពៃណី និងគ្រងរាជសម្បត្តិនេះប្រកបដោយទសពិធរាជធម៌»។ បន្ថែមពីនេះព្រះមហាក្សត្រថៃ ក៏បានព្រះរាជទាននូវតំណែងពេញសិទ្ធិជាអគ្គមហេសី ទៅដល់ម្ចាស់ក្សត្រី សុធីតា (Suthida) ផងដែរ បន្ទាប់ពីទ្រង់ត្រូវបានប្រកាសតែងតាំង កាលពីថ្ងៃពុធកន្លងទៅ។
សម្រាប់ពិធីចុងក្រោយនៅថ្ងៃសៅរ៍គឺបានបញ្ចប់ទៅនាវេលាម៉ោង ០៤៖០០នាទីល្ងាចដោយ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ត្រូវបានបានយាងដង្ហែរទៅកាន់វត្តព្រះកែវ (Temple of Emerald Buddha) ដើម្បីតាំងនាមព្រះអង្គជា ព្រះមហាក្សត្រនៃព្រះពុទ្ធសាសនា (Royal Patron of Buddhism)។ ទោះបីជាទ្រង់បានឡើងគ្រងរាជសម្បត្តិ ជាព្រះមហាក្សត្រពេញសិទ្ធិ នៃព្រះរាជាណាចក្រថៃក្តីសម្រាប់ថ្ងៃទី១នេះ ប៉ុន្តែព្រះរាជពិធីតាមបែបប្រពៃណី នឹងបន្តនៅរយៈពេលពីថ្ងៃទៀត ពោលគឺថ្ងៃអាទិត្យស្អែកនេះ និងថ្ងៃចន្ទសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា សម្រាប់ថ្ងៃអាទិត្យស្អែកនេះនាវេលាល្ងាច ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន នឹងយាងចេញពីព្រះរាជវាំង ដើម្បីធ្វើព្រះរាជទស្សនកិច្ចនៅក្នុងរាជធានីបាងកក ដោយឆ្លងកាត់តំបន់មួយចំនួន ដើម្បីឲ្យប្រជានុរាស្តរបស់ទ្រង់សម្តែងការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះព្រះមហាក្សត្រថ្មីរបស់ពួកគេ។ រីឯនៅថ្ងៃចុងក្រោយគឺថ្ងៃចន្ទវិញ នាវេលាល្ងាចដូចគ្នា ព្រះបាទ វិជ្ជិរ៉ាឡុងកន នឹងបង្ហាញព្រះរាជវត្តមាននៅលើវេទិកាមួយនៃប្រាសាទ ស៊ូដដៃសាវ៉ារីយ៉ា Suddhaisavarya Prasad ដើម្បីអនុញ្ញាតឲ្យសាធារណជន អបអរដល់ការឡើងគ្រងរាជ្យជាផ្លូវការរបស់ទ្រង់។
ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន បានស្នងរាជ្យពីព្រះបិតាទ្រង់តាំងតែពីចុងឆ្នាំ២០១៦ មកម្ល៉េះ នៅពេលដែលព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតទៅ។ ព្រះបាទ វិជ្ជិរ៉ាឡុងកន គឺជាបុត្រទី ២ និងជាបុត្រាតែមួយអង្គគត់របស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត និងម្ចាស់ក្សត្រី សិរីគិត (Sirikit) ហើយទ្រង់បានក្លាយជាព្រះរាជទាយាទកាលពីឆ្នាំ១៩៧២៕