(វ៉ាស៊ីនតោន)៖ សេចក្តីរាយការណ៍មួយពីសារព័ត៌មាន The Verge បានទម្លាយឲ្យដឹងអំពីយុទ្ធសាស្រ្តមិនស្មោះត្រង់របស់ក្រុមហ៊ុន Boeing ក្រោយកើតមានករណីធ្លាក់យន្តហោះស៊េរី 737 MAX ជាលើកដំបូង នៅឯប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩។
យោងតាមសេចក្តីរាយការណ៍ខាងលើ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing បានបញ្ជូនអ្នកតំណាងខ្លួន ឲ្យទៅបញ្ចុះបញ្ចូលក្រុមហ៊ុនអាកាសចរណ៍ជាច្រើន នៅជុំវិញពិភពលោកនៅក្រោមក្តីសង្ឃឹមថា នឹងនៅតែអាចរក្សាទំនុកចិត្ត របស់អាកាសចរណ៍ទាំងនោះ ចំពោះ 737 MAX ដែលជាស៊េរីយន្តហោះលក់ដាច់ជាងគេបំផុតរបស់ក្រុមហ៊ុន បន្ទាប់ពីមានករណីធ្លាក់យន្តហោះនេះនៅលើសមុទ្រជ្វា ដោយអាកាសចរណ៍ក្នុងស្រុក Lion Air របស់ឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨។
ដោយឡែកបន្ទាប់ពីយន្តហោះ 737 MAX ទីពីរ បានធ្លាក់កាលពីខែមីនាកន្លងទៅ នៅប្រទេសអេត្យូពីថែមទៀតនោះ Boeing បានចេញមុខសុំទោសពិភពលោក និងបានទទួលស្គាល់ថា ប្រព័ន្ធកម្មវិធីបញ្ជាការហោះហើររបស់យន្តហោះ ប្រហែលជាមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ទាំងពីរករណី ដូចទៅនឹងការអះអាងក្នុងលទ្ធផលបឋម នៃការស៊ើបអង្កេតកន្លងមកផងដែរ។
ការសុំទោសតែមួយមុខមិនបានធ្វើឲ្យអតិថជន និងជាពិសេសក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិតរាប់រយនាក់នោះ កាត់ចិត្តបាននោះឡើយ ហើយកាលពីពេលថ្មីៗនេះ ក្រុមគ្រួសារជនរងគ្រោះដោយសារករណីធ្លាក់យន្តហោះ Boeing 737 MAX នៅអេត្យូពី ក៏បានដាក់ពាក្យប្តឹងក្រុមហ៊ុន Boeing ទៅកាន់តុលាការអាមេរិកផងដែរ។ បើសិនជាការស៊ើបអង្កេតចេញលទ្ធផលជាផ្លូវការថា ការធ្លាក់យន្តហោះ Boeing 737 MAX ទាំងពីរលើកពិតជាកំហុសបច្ចេកទេសរបស់ Boeing ប្រាកដមែននោះ តើក្រុមហ៊ុនយក្សអាមេរិកមួយនេះ នឹងត្រូវរាប់រងដោយរបៀបណា?
គួរជម្រាបថា ករណីធ្លាក់យន្តហោះ Boeing 737 MAX នៅឥណ្ឌូណេស៊ី និងអេត្យូពី បានផ្តាច់ជីវិតមនុស្សសរុបទាំងអស់ ៣៤៦នាក់។ ចាប់តាំងតែពីការបញ្ឈរជើង យន្តហោះស៊េរីថ្មីនេះ ក្រោយការធ្លាក់នៅអេត្យូពី ក្រុមហ៊ុន Boeing បានឲ្យដឹងថា ពុំមានការបញ្ជាទិញថ្មីឡើយ ហើយខ្លួនបានកាត់បន្ថយការផលិតពី ៥២គ្រឿង មកត្រឹម ៤២គ្រឿងក្នុងមួយខែថែមទៀត។ និយាយរួមទៅ វានៅមិនច្បាស់នោះទេថា ក្រុមហ៊ុន Boeing អាចនឹងស្តារទំនុកចិត្តលើត្រកូលយន្តហោះ 737 MAX ឡើងវិញ បានដែរ ឬក៏យ៉ាងណា៕