(វ៉ាស៊ីតោន)៖ វាជារឿងកម្រមានបំផុតដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើការរិះគន់ធ្ងន់ៗទៅលើបណ្តាញសង្គមនានានោះ ហើយពេលនេះលោកបានថ្កោលទោស ទៅលើ Facebook ចំពោះសេចក្តីសម្រេចរបស់ក្រុមហ៊ុនយក្សមួយនេះ ក្នុងការបិទបុគ្គលល្បីៗមួយចំនួន និងអ្នកបញ្ចេញមតិពាក់ព័ន្ធមិនឲ្យមានវត្តមាននៅលើ បណ្តាញសង្គមលេខ ១ របស់ពិភពលោកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានថ្កោលទោសទៅលើការបំបិទចោល នូវគណនីរបស់បុគ្គលល្បីៗ និងសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធ ដែលត្រូវបានចេញផ្សាយកាលពីរសៀលថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ នៅលើបណ្តាញទំនាក់ទំងសង្គម Facebook ទាំងនៅក្នុងកម្មវិធី Facebook និងកម្មវិធីល្បីៗមួយចំនួនទៀតដែល Facebook ជាអ្នកគ្រប់គ្រង។ ជុំវិញបញ្ហានេះ លោក ត្រាំ បានព្រមានចំៗតែម្តងថាលោក «កំពុងពិនិត្យ និងតាមដាន»។
អតីតមហាសេដ្ឋីអាមេរិក លោក ត្រាំ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំកំពុងតែបន្តឃ្លាំមើល ចំពោះការរារាំងសិទ្ធិរបស់ប្រជាពលរដ្ឋអាមេរិក នៅលើបណ្តាញសង្គមនានា...។ នេះគឺជាសហរដ្ឋអាមេរិកដែលយើងគ្រប់គ្នាស្គាល់ថា ជាកន្លែង នៃសិទ្ធិសេរីភាពបញ្ចេញមតិ! យើងកំពុងតែតាមដាន និងត្រួតពិនិត្យយ៉ាងដិតដល់បំផុតជុំវិញបញ្ហានេះ!!»។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការអនុវត្តន៍ បទបញ្ជាតឹងរ៉ឹងនៅក្នុងបណ្តាញសង្គមទាំងអស់ ដែល Facebook ជាអ្នកគ្រប់គ្រង ហើយបុគ្គលមួយចំនួន និងអ្នកពាក់ព័ន្ធត្រូវបានបិទ ឬផ្អាកគណនី និងមិនឲ្យបញ្ចេញមតិណាមួយ ទៅលើរឿងបុគ្គលដែល Facebook ដាក់ចូលទៅក្នុងការហាមឃាត់ (ban) នោះឡើយ។ លោក ត្រាំ ក៏បានចាត់ទុកទង្វើរបស់ Facebook នេះជាការអភិរក្សនិយមជ្រុលផងដែរ។
ជុំវិញការព្រលះមិនធ្លាប់មានរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ គឺបានកើតមានឡើង បន្ទាប់ពីគណនីបុគ្គលល្បីៗពីររូបនោះគឺតារាហូលីវូដ ចេមស៍ វូដស៍ (James Woods) និងបុគ្គលល្បីក្នុង YouTube មួយរូបទៀត គឺលោក ផូល ចូសេប (Paul Joseph) ត្រូវបាន Facebook បិទជាបណ្តោះអាសន្ន ដោយបណ្តាញសង្គមអាមេរិកមួយនេះសំអាងថា ពួកគេបានធ្វើខុសទៅនឹងបទបញ្ជានោះ គឺការបង្ហោះសារបញ្ចេញមតិ ដែលមានលក្ខណៈជាការជម្រុឲ្យមានហិង្សា និងការស្អប់ខ្ពើម៕