មិនធម្មតា! យន្តហោះអាមេរិក Boeing 737 ធ្លាក់ចូលទឹកទន្លេនៅរដ្ឋផ្លូរីដា ក្រោយចុះចតខុសបច្ចេកទេស!
04-05-2019 10:56
(វ៉ាស៊ីនតោន)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងស៊េរី Boeing បានរត់ហួសផ្លូវ ហើយក៏ធ្លាក់ចូលទៅក្នុងទឹកទន្លេ នៅរដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩។
បើតាមអាជ្ញាធរអាកាសចរណ៍អាមេរិក FAA យន្តហោះខាងលើគឺជាយន្តហោះ Boeing 737 ហើយហេតុការណ៍នេះបានកើតឡើង នៅពេលដែលយន្តហោះកំពុងចុះចត នៅឯព្រលានយន្តហោះមួយកន្លែងក្នុងទីក្រុង ចេកសុនវាល (Jacksonville) ក្រោយមានគោលដៅចេញមកពីទីក្រុង ម៉ៃអាមី (Miami)។ យ៉ាងណាមិញមនុស្សជាង ១៤០នាក់ និងសហសេវិកយន្តហោះ ពុំបានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ ដោយគ្រាន់តែភ័យតក់ស្លុត និងរងរបួសបន្តិចបន្តួចមួយចំនួនប៉ុណ្ណោះ។
គួរជម្រាបថា កាលពីឆ្នាំ២០០៩ ក៏ធ្លាប់មានករណីយន្តហោះដឹកអ្នកដំណើរ ទៅនៅលើទឹកទន្លេដូច្នេះដែរ ប៉ុន្តែកាលនោះគឺបានកើតឡើង នៅពេលដែលពីឡុតរបស់យន្តហោះ បានបង្ខំចិត្តចុះចតនៅលើដងទន្លេ ដែលជាទន្លេ ហ៊ូដសុន (Hudson) ក្នុងទីក្រុងញូយ៉ក បន្ទាប់ពីម៉ាស៊ីន ទាំងសងខាងរបស់យន្តហោះ Airbus A320 មួយគ្រឿងនៃអាកាសចរណ៍ US Airways បានឈប់ដំណើរការដោយសារតែបុកនឹងហ្វូងសត្វបក្សី ក្រោយហោះចេញពីព្រលានយន្តហោះ ឡាហ្គាដៀ (LaGuardia) បានតែបន្តិចប៉ុណ្ណោះ។ ក្នុងហេតុការណ៍កាលនោះ យន្តហោះបានចុះនៅលើទឹកទន្លេដោយជោគជ័យ ហើយពុំមានមនុស្សជួបគ្រោះថ្នាក់ឡើយ ដែលជារឿងអច្ឆរិយៈមួយ៕