(វ៉ាស៊ីនតោន)៖ នៅវេលាយប់ថ្ងៃសុក្រ (ត្រូវនឹងព្រឹកថ្ងៃសៅរ៍ពេលវេលានៅអាស៊ីបូព៌ា) សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនបានទទួលព័ត៌មានហើយអំពីការធ្វើតេស្ត មីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ហើយទីក្រុងវ៉ាស៊ីនតោនកំពុងតែតាមដាន ស្ថានការណ៍នេះបន្តទៅមុខទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបញ្ចេញដោយអ្នកនាំពាក្យសេតវិមាន ទីក្រុងវ៉ាស៊ីនតោនលោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) បានឲ្យដឹងថា «យើងបានដឹងឮព័ត៌មានអំពីសកម្មភាពរបស់កូរ៉េខាងជើងហើយ គឺនៅយប់នេះតែម្តង (ពេលវេលានៅវ៉ាស៊ីនតោន)។ យើងនឹងបន្តពិនិត្យមើលស្ថានការណ៍បន្តទៀត តាមដែលអាចធ្វើទៅរួច...»។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃសៅរ៍នេះ កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ ចេញពីទីក្រុង Wonsan ដែលស្ថិតនៅឆ្នេរ ខាងកើតប្រទេសឆ្ពោះទៅកាន់សមុទ្រជប៉ុន (ឬហៅថាសមុទ្រខាងកើត)។ ដោយផ្អែកលើប្រភពយោធាកូរ៉េខាងត្បូង ការបាញ់មីស៊ីលនេះបានប្រព្រឹត្តទៅ កាលពីវេលាម៉ោងខ្ទង់ជា ៩៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់ឧបទ្វីបកូរ៉េ) ហើយខណៈនេះក្រុមយោធាកូរ៉េខាងត្បូង និងអាជ្ញាធរអាមេរិក កំពុងតែសហការគ្នាវិភាគ ដើម្បីកំណត់ព័ត៌មានលម្អិតរបស់គ្រាប់មីស៊ីលដែលបានបាញ់។
បើពិតជាមានការបាញ់មីស៊ីលមែននោះ វានឹងជាលើកទីមួយហើយសម្រាប់កូរ៉េខាងជើង ព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះ គឺពុំមានសកម្មភាពបង្កហេតុ តាមរយៈធ្វើតេស្តមីស៊ីលពីសំណាក់ទីក្រុងព្យុងយ៉ាងឡើយ នៅក្រោមកិច្ចប្រឹងប្រែងចរចារក សន្តិភាពនៅលើឧបទ្វីបកូរ៉េជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ប៉ុន្តែបច្ចុប្បន្ន កិច្ចប្រឹងប្រែងនេះ ហាក់កំពុងស្ថិតក្នុងសភាពជាប់គាំង ចាប់តាំងតែពីជំនួបកំពូលលើកទីពីរ រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលបរាជ័យនៅប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ៕