(បាងកក)៖ ព្រះរាជពិធីឡើងគ្រងរាជសម្បត្តិជាផ្លូវការ នៃមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ដែលនឹងមានរយៈពេលរហូតដល់ទៅ០៣ថ្ងៃនោះ បានចាប់ផ្តើមប្រពឹ្រត្តទៅហើយនាវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ នៅក្នុងព្រះបរមរាជវាំងថៃនារាជធានីបាងកក ដែលមានការផ្សាយផ្ទាល់ជានិច្ច​តាមរយៈ​ទូរទស្សន៍ថៃ THAI TV Pool។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩។

ក្នុងចំណោមថ្ងៃទាំង ០៣ គឺថ្ងៃសៅរ៍នេះជាថ្ងៃដែលសំខាន់ជាងគេបង្អស់ ព្រោះវាគឺជាការចាប់ផ្តើមដំបូង នៃកម្មវិធីរាជាភិសេករបស់ព្រះបាទ វិជ្ជិរ៉ាឡុងកន ដើម្បី ក្លាយជាព្រះមហាក្សត្រពេញបរិបូណ៌ នៃព្រះរាជាណាចក្រថៃឡង់ដ៍។ ព្រះរាជពិធីនេះនឹងរៀបចំឡើងតាមបែបពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដោយចាប់ផ្តើមជាមួយរាជពិធីបន្សុទ្ធ ដែលត្រូវយកទឹកពិសិដ្ឋ ដែលបានប្រមែប្រមូលយកមកពីតាមបណ្តាខេត្ត ថៃកាលពី ដើម ខែមេសា ដើម្បីប្រោះព្រំទៅលើព្រះកាយរបស់ព្រះបាទ វិជ្ជិរ៉ាឡុងកន។

បន្ទាប់មកទៀតព្រះបាទ វិជ្ជិរ៉ាឡុងកន នឹងត្រូវឡើងគង់ប្រថាប់លើរាជបល្ល័ង្ក​ក្រោមមហាស្វេតឆ័ត្រ ជាមួយការថ្វាយនូវគ្រឿងបញ្ចក្សេត្រទាំង ៥ ដែលជាគ្រឿងតំណាងឲ្យព្រះចេស្តាមហាក្សត្ររួមមាន៖ ព្រះមហាពិជ័យម្កុដ (ម្កុដ), ព្រះសែងខ័ឌ្គជ័យស្រី (ដាវ), ព្រះទណ្ឌៈ (ដំបង), ព្រះវាលវិជនី (ផ្លិតរោមសត្វ), ព្រះសុពណ៌បាទុកា (ស្បែកជើង)។

ចំណែកឯនៅម៉ោងប្រមាណជាង ១៖០០នាទីរសៀលថ្ងៃដដែល រាជពិធីសន្មត់នៃការឡើងគ្រងរាជសម្បត្តិ (Assumption of the Royal Residence) នឹងត្រូវប្រព្រឹត្តទៅក្នុងវិមានរាជ ចក្រាបាត ប៊ិនម៉ាន់ (Chakrabat Biman Royal Residence) នៃព្រះបរមរាជវាំងថៃ ហើយនៅម៉ោង ២៖០០នាទីរសៀល នឹងមានការចូលគាល់ក៏ដូចជាថា្វយព្រះពរជ័យ ពីសំណាក់បណ្តាសែរាជវង្ស ក្រុមប្រឹក្សាព្រះមហាក្សត្រ គណៈរដ្ឋមន្រ្តី ព្រមទាំងមន្រ្តីជាន់ខ្ពស់ឯទៀតនៅឯវិមាន រាជបល្ល័ង្ក អាម៉ារិនដ្រា វីនីកឆាយ៉ា (Amarindra Vinicchaya Throne)។

សម្រាប់ពិធីចុងក្រោយនៅថ្ងៃសៅរ៍គឺបញ្ចប់ទៅនាម៉ោង ០៤៖០០នាទីល្ងាចនៅពេល ព្រះបាទ វិជ្ជិរ៉ាឡុងកន នឹងយាងដង្ហែរទៅកាន់វត្តព្រះកែវ (Temple of Emerald Buddha) ដើម្បីតាំងនាមព្រះអង្គជា ព្រះមហាក្សត្រនៃព្រះពុទ្ធសាសនា (Royal Patron of Buddhism)។

ចំណែកនៅថ្ងៃអាទិត្យនាវេលាល្ងាច ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន នឹងយាងចេញពីព្រះរាជវាំង ដើម្បីធ្វើព្រះរាជទស្សនកិច្ចនៅក្នុងរាជធានីបាងកក ដោយឆ្លងកាត់តំបន់មួយចំនួន ដើម្បីឲ្យប្រជានុរាស្តរបស់ទ្រង់សម្តែងការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះព្រះមហាក្សត្រថ្មីរបស់ពួកគេ។ រីឯនៅថ្ងៃចុងក្រោយគឺថ្ងៃចន្ទវិញ នាវេលាល្ងាចដូចគ្នា ព្រះបាទ វិជ្ជិរ៉ាឡុងកន នឹងបង្ហាញព្រះរាជវត្តមាននៅលើវេទិកាមួយនៃប្រាសាទ ស៊ូដដៃសាវ៉ារីយ៉ា Suddhaisavarya Prasad ដើម្បីអនុញ្ញាតឲ្យសាធារណជន អបអរដល់ការឡើងគ្រងរាជ្យជាផ្លូវការរបស់ទ្រង់។

គួរជម្រាបថា ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន បានស្នងរាជ្យពីព្រះបិតាទ្រង់តាំងតែពីចុងឆ្នាំ២០១៦ មកម្ល៉េះ នៅពេលដែលព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតទៅ។ ព្រះបាទ វិជ្ជិរ៉ាឡុងកន គឺជាបុត្រទី ២ និងជាបុត្រាតែមួយអង្គគត់របស់ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត និងម្ចាស់ក្សត្រី សិរីគិត (Sirikit) ហើយទ្រង់បានក្លាយជាព្រះរាជទាយាទកាលពីឆ្នាំ១៩៧២៕