(ញូដេលី)៖ មនុស្សចំនួន០៩នាក់ហើយបានបាត់បង់ជីវិត បន្ទាប់ពីព្យុះស៊ីក្លូនដ៏មានឥទ្ធិពលមួយមានឈ្មោះថា Fani បានបោកបក់សង្រ្គប់មកលើរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌានាថ្ងៃសុក្រម្សិលមិញនេះ ហើយបន្តឆ្ពោះទៅបង់ក្លាដែស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩។
នៅពេលព្យុះស៊ីក្លូន Fani មកដល់តំបន់ភាគខាងកើតប្រទេសឥណ្ឌា មនុស្សយ៉ាងតិចចំនួន០៨នាក់បានស្លាប់ ហើយពេលទៅដល់បង់ក្លាដែស ក៏មានការបាត់បង់ជីវិតមនុស្សម្នាក់ទៀត។ ក្រៅពីបង្កឲ្យមានមនុស្សស្លាប់ ព្យុះកំណាចនេះក៏បានបណ្តាលឲ្យដើមឈើជាច្រើនដួលរលំ ព្រមទាំងកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់អគ្គិសនី ទឹកប្រើប្រាស់ និងទូរគមនាគមន៍ ហើយបង្កឲ្យមានទឹកជន់ថែមទៀតផង។ រីឯប្រជាជនឥណ្ឌានិងបង់ក្លាដែសជាច្រើននាក់ ដែលរស់នៅតាមតំបន់រងឥទ្ធិពល សុទ្ធតែត្រូវបានជម្លៀសចេញទៅកាន់ទីជ្រកកោនសុវត្ថិភាព។
គួរជម្រាបថា នេះជាព្យុះស៊ីក្លូនដែលមានកម្លាំងខ្លាំងបំផុត មិនធ្លាប់វាយប្រហារលើប្រទេសឥណ្ឌានោះឡើយ ក្នុងរយៈពេល២០ឆ្នាំមកនេះ៕