(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមានគម្រោងថានឹងធ្វើតេស្តគ្រាប់មីស៊ីលលឿនជាងសំឡេង Hypersonic ចំនួន០២ប្រភេទ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍរួមគ្នាដោយ ទីភ្នាក់ងារស្រាវជ្រាវអាវុធទំនើប ហៅកាត់ DARPA របស់ក្រសួងការពារជាតិអាមេរិក និងកងទ័ពអាកាសអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងវ៉ាស៊ីនតោន នាយកទីភ្នាក់ងារ DARPA លោក Steven Walker បានឲ្យដឹងថា មីស៊ីលលឿនជាងសំឡេង Tactical Boost Glide និង Hypersonic Air-breathing Weapon Concept សង្ឃឹមថានឹងអាចធ្វើតេស្តបាន នៅមុនដំណាច់ឆ្នាំ២០១៩នេះ ក៏ប៉ុន្តែវាអាចហួសទៅដល់ឆ្នាំ២០២០ក៏ថាបាន។ ក្រសួងការពារជាតិអាមេរិក បានអះអាងថា ការពង្រឹងសមត្ថភាពផ្នែកសព្វាវុធលឿនជាងសំឡេង គឺជាអាទិភាពចម្បងបំផុតមួយរបស់សហរដ្ឋអាមេរិក ខណៈរុស្ស៊ីនិងចិន កំពុងតែមានការរីកចម្រើនខ្លាំងលើផ្នែកនេះ។

គួរជម្រាបថា មីស៊ីលប្រភេទ Hypersonic គឺជា ប្រភេទមីស៊ីលដែលអាចហោះហើរក្នុងលឿនយ៉ាងហោចណាស់លឿនជាងល្បឿន របស់សំឡេងរបស់ទៅ០៥ដង (ល្បឿនសំឡេងស្មើនឹង១,២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង) និងនៅរយៈកម្ពស់យ៉ាងខ្ពស់ ហើយអាចបាញ់ពី ផ្ទៃដីក៏បាន សមុទ្រក៏បាន ឬផ្ទៃអាកាសក៏បាន៕