(ឡុងដ៍)៖ វត្តមានសារធាតុញៀនកូកាអ៊ីន ត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញ នៅក្នុងខ្លួនពពួកសត្វបង្គាទឹកសាប តាមដងទន្លេក្នុងតំបន់ជនបទ សាហ្វហ្វូក (Suffolk) ភាគខាងកើតអង់គ្លេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ King's College London និងសាកលវិទ្យា Suffolk បានធ្វើតេស្តពិសោធន៍លើចំណុចទីតាំងចំនួន ១៥កន្លែងខុសៗគ្នា នៅទូទាំងទន្លេចំនួន ០៥ក្នុងតំបន់ Suffolk។ លទ្ធផលសិក្សារបសពួកគេក៏បានបង្ហាញថា វត្តមានសារធាតុញៀនកូកាអ៊ីន ត្រូវបានរកឃើញនៅក្នុងសរីរាង្គសត្វបង្គា ដែលរស់នៅតាមទីនោះ។
គួរជម្រាបថា ការសិក្សាខាងលើផ្តោតសំខាន់ចំពោះ ផលប៉ះពាល់នៃសារធាតុពុល ទៅលើជិវិតសត្វក្នុងព្រៃព្រឹក្សា ដោយរួមបញ្ចូលទាំងសត្វបង្គាទឹកសាបជាដើម។ ខណៈវត្តមាននៃសារធាតុគីមីនៅក្នុងថ្នាំសម្លាប់សត្វចង្រៃខុសច្បាប់ ក៏ត្រូវបានរកឃើញនៅក្នុងខ្លួនសត្វបង្គាផងដែរនោះ វត្តមានសារធាតុញៀនដូចជាកូកាអ៊ីននៅក្នុងខ្លួនពួកវា គឺជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែគេនៅមិនទាន់ដឹង អំពីប្រភពច្បាស់លាស់របស់វានោះឡើយ៕