Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សារព័ត៌មានអេស្ប៉ាញទម្លាយ៖ អាមេរិកលួចទាក់ទងយោធាវេណេស៊ុយអេឡាស្ងាត់ៗ និងទុកផ្លូវឲ្យលោក ម៉ាឌូរ៉ូ ចំនួនពីរ...(Video inside)

03-05-2019 17:17

(ម៉ូស្គូ)៖ សារព័ត៌មានអេស្ប៉ាញ ABC បានរាយការណ៍អំពីព័ត៌មានដ៏រសើបមួយថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឈាន ដល់កិច្ចព្រមព្រៀងមួយជាមួយយោធាវេណេស៊ុយអេឡា ដើម្បីចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ នៅកំឡុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីដើមសប្ដាហ៍កន្លងទៅ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។

សារព័ត៌មាន ABC ផ្អែកលើប្រភពមួយ នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកបាន ព្រមព្រៀងគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិ​វេណេស៊ុយអេឡាលោក វ្ល៉ាឌីមៀ ផាទ្រីណូ ឡូប៉េស (Vladimir Padrino Lopez) នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាច្រើនលើក កាលពីប៉ុន្មានខែមុននេះ។ ម្យ៉ាងវិញទៀត នៅក្នុងកិច្ចព្រមព្រៀងនេះទៀតសោត លោក Padrino Lopez និងសហរដ្ឋអាមេរិក បានទុកផ្លូវ២ឱ្យលោក ម៉ាឌូរ៉ូ ទី១គឺចាកចេញទៅកាន់ប្រទេសគុយបា និងទី២ត្រូវជាប់ឃុំខ្លួន។

មិនតែប៉ុណ្ណោះ បើតាមប្រភពនេះដដែល ប្រធានតុលាការកំពូលដែលស្និទ្ធនឹងលោក ម៉ាឌូរ៉ូ គឺលោក ម៉ៃឃែល ម៉ូរ៉េណូ (Maikel Moreno) ក៏ត្រូវបានគេរាយការណ៍ផងដែរថា មានគម្រោងប្រកាសចាត់ទុកតុលាការធម្មនុញ្ញ ដែលត្រូវបានបង្កើតដោយប្រធានាធិបតី វេណេស៊ុយអេឡារូបនេះ ជាស្ថាប័នខុសច្បាប់ផងដែរ។

គួរបញ្ជាក់ថា លោក Vladimir Padrino Lopez បានចេញមុខអះអាងជាច្រើនលើកថា នឹងនៅតែបន្តស្មោះស័្មគ្រនឹងលោក ម៉ាឌូរ៉ូ ដោយឥតងាករេ។ បើទោះជាព័ត៌មានខាងលើពិត ឬមិនពិតក៏ដោយ ក៏ប៉ុន្តែវាកើតមានឡើងនៅចំពេលដែលមន្ត្រីជាន់ខ្ពស់វេណេស៊ុយអេឡា​ជាច្រើននាក់ ក៏ធ្លាប់ត្រូវបានគេរាយការណ៍ដែរថា បានព្រមានលោក ម៉ាឌូរ៉ូ ពីការបែកបាក់ផ្ទៃក្នុង ខណៈលោក ដូណាល់ ត្រាំ បានប្រកាសថារឿងជាច្រើននឹងកើត​នៅក្នុងប្រទេសវេណេស៊ុយអេឡា នៅសប្ដាហ៍ក្រោយនេះ៕