Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុត SpaceX ទទួលស្គាល់ថា «យានអវកាស Crew Dragon ផ្ទុះឆេះពេលហោះសាកល្បង» ដែលអាចនាំឲ្យអាមេរិក​នៅតែពឹងរុស្ស៊ីបន្តទៀត

03-05-2019 16:32

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាសអាមេរិក SpaceX បានចេញមុខទទួលស្គាល់ថា យានអវកាស Crew Dragon ឬ Dragon 2 របស់ខ្លួន ពិតជាបានខូចខ្ទេច ក្នុងអំឡុងការធ្វើតេស្តទៅលើម៉ាស៊ីនរបស់វាកាលពីខែមេសា ហើយប្រការនេះបានធ្វើឲ្យ​ក្រុមហ៊ុនមានការព្រួយបារម្ភ ចំពោះការដឹកមនុស្សឡើងទៅកាន់ទីអវកាស ដែលអាចនាំឲ្យអាមេរិកនៅតែពឹងរុស្ស៊ីជាបន្តទៀត។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។

កាលពីថ្ងៃទី២០ ខែមេសាកន្លងទៅនេះ ក្រុមហ៊ុន SpaceX បានធ្វើតេស្តទៅលើម៉ាស៊ីនរបស់យាន Crew Dragon ដែលមុនជួបបញ្ហាគឺទើបតែបាន ធ្វើការហោះហើរសាកល្បងដោយជោគជ័យ ដោយពុំមានផ្ទុកអវកាសយានិក ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS និងចុះត្រឡប់មកវិញ។

តាមការបញ្ជាក់របស់ SpaceX ក្នុងអំឡុងការត្រៀមសាកល្បងបញ្ឆេះម៉ាស៊ីនហៅថា SuperDraco ដែលត្រូវបានរចនាឡើង ដើម្បីជួយរុញច្រានយាន Crew Dragon ចេញពីគ្រោះថ្នាក់ ក្នុងករណីដែលគ្រោះអាសន្នកើតមានឡើង នៅពេលហោះហើរនោះ ភាពមិនប្រក្រតីមួយបែរជាបានលេចឡើង ហើយក៏បណ្តាលឲ្យយានអវកាសនេះ​ផ្ទុះឆេះខ្ទេចតែម្តង។

គួរជម្រាបថា បញ្ហាខាងលើអាចនឹងប៉ះពាល់ដល់គម្រោង នៃការធ្វើតេស្តដទៃៗទៀតនៃយានអវកាស Crew Dragon ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ ក្រោមកិច្ចសន្យារបស់ទីភ្នាក់ងារអវកាស NASA ដើម្បីនាំយកអវកាសយានិកអាមេរិកឡើងទៅកាន់ស្ថានីយ ISS ដោយពុំចាំបាច់ឲ្យ NASA ត្រូវពឹងលើរុស្ស៊ីទៀតឡើយ ក៏ប៉ុន្តែអ្វីៗហាក់ក្លាយជាក្តីព្រួយបារម្ភហើយ៕