ព្យុះស៊ីក្លូនបិសាច Fani ដែលមិនធ្លាប់កើតមាន២០ឆ្នាំមកនេះ កំពុងបោកបក់លើឥណ្ឌាហើយ, មនុស្សជាង១លាននាក់ត្រូវជម្លៀស
03-05-2019 15:58
(ញូដេលី)៖ អាជ្ញាធរឧតុនិយមឥណ្ឌាបានឱ្យដឹងថា ព្យុះស៊ីក្លូបិសាច ហ្វានី (Fani) បានបក់បោកទៅដល់តំបន់ដីគោកនៃឆ្នេរ ភាគខាងកើតនៃប្រទេសហើយថ្ងៃសុក្រនេះ ខណៈមានការព្រមានថា ព្យុះមួយនេះអាចនឹងបង្កជាគ្រោះទឹកជំនន់ និងការខូចខាតធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរឧតុនិយមឥណ្ឌា ព្យុះស៊ីក្លូន Fani កំពុងវាយប្រហារលើតំបន់ឆ្នេរភាគខាងកើតនៃប្រទេស ជាពិសេសគឺរដ្ឋអូឌីសា (Odisha) ជាមួយកម្លាំងខ្យល់បក់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងកើនដល់ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ មិនតែប៉ុណ្ណោះមនុស្សច្រើនជាង ១លាននាក់ ត្រូវបានជម្លៀសទៅរកកន្លែងមានសុវត្ថិភាពក្នុងរដ្ឋ Odisha ជាទីដែលគេរំពឹងថា ព្យុះមួយនេះនឹងបង្កការខូចខាតធ្ងន់ធ្ងរជាងគេ។ ចំណែកឯប្រជាជនរាប់ពាន់នាក់ក្នុងរដ្ឋ វែសត៍បិងហ្គាល់ (West Bengal) ក៏ត្រូវបានអាជ្ញាធរបង្គាប់ឱ្យជម្លៀសខ្លួនផងដែរ។
គួរបញ្ជាក់ថា ព្យុះស៊ីក្លូន Fani ត្រូវបានគេរំពឹងថា អាចនឹងធ្វើដំណើរបន្តឆ្ពោះទៅកាន់ប្រទេសបង់ក្លាដែស បន្ទាប់ពីវាវាយប្រហារលើរដ្ឋ West Bengal ខណៈអាជ្ញាធរបង់ក្លាដែស ក៏បានចេញសេចក្តីព្រមានរួចរាល់ហើយផងដែរ។ ដោយឡែកអាជ្ញាធរឥណ្ឌាវិញបានអះអាងថា នេះជាព្យុះស៊ីក្លូនដែលមានកម្លាំងខ្លាំងបំផុត មិនធ្លាប់វាយប្រហារលើប្រទេសឥណ្ឌានោះឡើយ ក្នុងរយៈពេល២០ឆ្នាំមកនេះ៕