(តូក្យូ)៖ ប៉ូលិសជប៉ុនកំពុងធ្វើការស៊ើបអង្កេត លើសេចក្ដីរាយការណ៍មួយថា យន្ដហោះដ្រូនជាច្រើនគ្រឿង បានហោះមកក្បែរព្រះបរមរាជវាំង និងតំបន់មួយចំនួន ដែលជាកម្មសិទ្ធិរបស់គ្រួសាររាជវង្សជប៉ុនក្នុងទីក្រុងតូត្យូ ហើយដែលសកម្មភាពទាំងនេះត្រូវបានច្បាប់ហាមឃាត់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។
ជាមួយគ្នានោះសារព័ត៌មាន Kyodo ក៏បានចេញផ្សាយដែរថា យន្ដហោះដ្រូនជាច្រើនគ្រឿង បានហោះពីលើទីតាំងហាមឃាត់ខាងលើ ដោយបើកភ្លើងពណ៌ក្រហម និងភ្លើងពណ៌សកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ពោលគឺមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្រះចៅអធិរាជថ្មីជប៉ុន ណារុហ៊ីតុ (Naruhito) ឡើងគ្រងរាជសម្បត្តិជាផ្លូវការ។
គួរបញ្ជាក់ថា បើតាមច្បាប់ជប៉ុន យន្ដហោះត្រូវបានហាមឃាត់ហោះហើរ នៅតំបន់ជាច្រើននៅក្នុងទីក្រុងតូក្យូដែលជាទីក្រុងរដ្ឋបាល ព្រមទាំងព្រះបរមរាជវាំង និងបណ្ដាទីក្រុងដទៃទៀត ជាពិសេសគឺតំបន់មានដង់ស៊ីតេប្រជាជនច្រើន និងអាកាសយានដ្ឋាន៕