(កង់បេរ៉ា)៖ ការស្ទង់មតិជាសកលមួយធ្វើឡើងដោយវិទ្យាស្ថាន YouGov-Cambridge Globalism Survey បានបង្ហាញថា ប្រជាជនអូស្រ្តាលី ៤៦ភាគរយ ចង់ឱ្យចំនួនជនចំណាកស្រុក ឬជនអន្តោប្រវេសន៍ចូលមកក្នុងប្រទេសរបស់ពួកគេ ត្រូវបានកាត់បន្ថយ ខណៈតែ២៣ភាគរយប៉ុណ្ណោះ ដែលចង់ឱ្យបង្កើនចំនួនជនអន្តោសប្រវេសន៍​ចូលមកក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។

យោងតាមវិទ្យាស្ថានខាងលើដដែល ការស្ទង់មតិក៏បានរកឃើញដែរថា ប្រជាជនអូស្ត្រាលី ៧០ភាគរយមានគំនិតវិជ្ជមាន ចំពោះការទទួលយកជនបរទេសដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ អាចបង្កើតការងារនៅក្នុងប្រទេសរបស់ពួកគេ។ រីឯ៦០ភាគរយស្វាគមន៍ជនបរទេស ដែលមានជំនាញតែមកស្វែងរកការងារធ្វើ ខណៈជនចំណាកស្រុក ១១២,០០០នាក់មកពីគ្រប់ទិសទីទូទាំងពិភពលោក តែងតែធ្វើដំណើរមកកាន់ប្រទេសអូស្រ្តាលីជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា បើតាមវិទ្យាស្ថាន YouGov ប្រមាណ ៥៦ភាគរយនៃប្រជាជនអូស្រ្ដាលី ១,០០៦នាក់ដែលបានផ្តល់បទសម្ភាសន៍ បានប្រឆាំងជាដាច់ខាតនឹងជន បរទេសគ្មានជំនាញចូលក្នុងប្រទេសរបស់ពួកគេ ដើម្បីស្វែងរកការងារធ្វើ និង ៧៥ភាគរយប្រឆាំងនឹងជនបរទេស ដែលស្វែងរកតែផលចំណេញ ក្រោមគោលនយោបាយអន្តោប្រវេសន៍បច្ចុប្បន្ន របស់រដ្ឋាភិបាលអូស្រ្តាលី៕