(ម៉ូស្គូ)៖ មេបញ្ជាការកងទ័ពអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក លោក ឆាឡេស ប្រោន (Charles Brown) បានបង្ហើបថា ចិនអាចនឹងបំពាក់យន្ដហោះចម្បាំងបំបាយកាយ ចេងទូ ចេ-20 (Chengdu J-20) ឱ្យកងទ័ពអាកាសរបស់ខ្លួនប្រើប្រាស់ សម្រាប់ប្រតិបត្តិការនានានៅក្នុងឆ្នាំ២០១៩នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។
លោក Brown ធ្វើការអះអាងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ឧត្ដមសេនីយរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាមិនមែនជាដំណឹងល្អ សម្រាប់កងកម្លាំងអាមេរិក នោះទេ... តែវាអាចនឹងក្លាយជាការគម្រាមកំហែងមួយដ៏ធំ ព្រោះយន្ដហោះចម្បាំងបំបាយកាយនេះ នឹងជួយឱ្យកងទ័ព អាកាសចិនមានសមត្ថភាពកាន់តែខ្លាំង ក្នុងការដឹកនាំប្រតិបត្តិការនានានៅក្នុងតំបន់»។ លោក Brown បន្ថែមថាក្រៅតែពីយន្ដហោះចម្បាំង Chengdu J-20 ទីក្រុងប៉េកាំងក៏កំពុងមានគម្រោងអភិវឌ្ឍន៍ យន្ដហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរផងដែរ។
គួរជាម្រាបថា បើតាមលោក Charles Brown សហរដ្ឋអាមេរិកអាចនឹងព្យាយាម ទប់ទល់ជាមួយយន្ដហោះចម្បាំង Chengdu J-20 របស់ចិន តាមរយៈការបង្កើនការដាក់ពង្រាយ យន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅកាន់តំបន់ប៉ាស៊ីហ្វិក ជាពិសេសគឺតំបន់សមុទ្រចិនខាងត្បូង ជាទីដែលមហាអំណាចទាំង ២ កំពុងប្រជែងឥទ្ធិពលគ្នាគួរឲ្យព្រួយបារម្ភ៕