(គូឡាឡាំពួរ)៖ ស្ត្រីជាជនជាតិវៀតណាមម្នាក់ ដែលធ្លាប់ត្រូវបានគេចោទប្រកាន់ថាបានសម្លាប់បងប្រុសម្ដាយទីទៃរបស់ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ត្រូវបានគេដោះលែងឱ្យសេរីភាពហើយ ដែលនេះគឺជា ការនាំទៅរកការបិទបញ្ចប់សំណុំរឿងឃាតកម្មដ៏អាថ៌កំបាំងក្នុងរយៈពេលជាង២ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៩។
នាង Doan Thi Huong ត្រូវបានអាជ្ញាធរម៉ាឡេស៊ីដោះលែងចេញពីពន្ធនាគារនៅព្រឹកថ្ងៃសុក្រនេះ និងត្រូវគេបញ្ជូន ទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ជាទីដែលនាងត្រូវបំពេញឯកសារមួយចំនួន មុននឹងត្រឡប់ទៅកាន់ប្រទេស វៀតណាមវិញនៅប៉ុន្មានម៉ោងខាងមុខទៀតនេះ។ នាង Huong និងស្ត្រីឥណ្ឌូណេស៊ីម្នាក់ទៀត ឈ្មោះ Siti Aisyah ដែលទើបតែត្រូវបានគេដោះលែងដែរ បានអះអាងថាបុរសជាជនជាតិកូរ៉េខាងជើងជាច្រើននាក់បានបញ្ឆោតអ្នកទាំង២ ឱ្យសម្លាប់លោក គីម ជុងណាំ ដោយប្រាប់ថាវាគ្រាន់តែជាការសម្ដែងខ្សែភាពយន្ដតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោក គីម ជុងណាំ ត្រូវបានគេសម្លាប់ដោយប្រើប្រាស់សារធាតុគីមីពុលដ៏សាហាវ VX នៅឯអាកាសយាន ដ្ឋានទីក្រុងគូឡាឡាំពួរកាលពីឆ្នាំ២០១៧។ ចំណែកឯ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចោទប្រកាន់ត្រង់ៗនៅ ពេលនោះថាកូរ៉េខាងជើងគឺជាអ្នកនៅពីក្រោយឃាតកម្មនេះ ប៉ុន្តែទីក្រុងព្យុងយ៉ាងបានបដិសេធ ខណៈអាជ្ញាធរម៉ាឡេស៊ី ទម្លាក់ទទួលការខុសត្រូវលើជនជាតិកូរ៉េខាងជើង៤នាក់ ដែលបានរត់គេចទៅកាន់កូរ៉េខាងជើងវិញ ក្រោយសម្លាប់លោក គីម ជុងណាំ៕