(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងដោយក្តីជឿជាក់ថា នឹងមានរឿងជាច្រើនកើតឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡា នៅសប្ដាហ៍ក្រោយនេះ ស្របពេលមេដឹកនាំបក្សប្រឆាំងលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) ប្រកូកប្រកាសឱ្យយោធា បុគ្គិលបម្រើការងារគ្រប់វិស័យ និងប្រជាជនទាំងអស់ចូលរួមក្នុងការធ្វើរដ្ឋប្រហារ បណ្ដេញលោក ម៉ាឌូរ៉ូ ចេញពីអំណាច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងប្រាប់សា្ថនីយទូរទស្សន៍ Fox News នៅថ្ងៃពុធសប្ដាហ៍នេះលោក ដូណាល់ ត្រាំ បានបញ្ជាក់ដូច្នេះថា «វាគឺជារឿងដ៏អាក្រក់បំផុត... ទីកន្លែងនោះគឺអាក្រក់ និងគ្រោះថ្នាក់ជាទីបំផុត...។ ដូច្នេះរឿងជាច្រើននឹងត្រូវបានធ្វើឡើង ហើយយើងនឹងបានឃើញថា នឹងមានរឿងអ្វីកើតឡើងនៅសប្ដាហ៍ក្រោយ ឬអាចលឿនជាងនេះ»។ លើសពីនេះទៅទៀតប្រធានាធិបតីអាមេរិករូបនេះ ក៏បានសន្យាផងដែរថា នឹងបន្តគាំទ្រលោក Juan Guaido ហើយថានឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីជួយមេបក្សប្រឆាំងរូបនេះ។
គួរជម្រាបថា ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា សហរដ្ឋអាមេរិកប្រើលេសធ្វើអន្តរាគមន៍ យោធានៅក្នុងប្រទេសរបស់លោក បើសិនជាជម្លោះ និងអំពើហិង្សាបច្ចុប្បន្ននៅតែបន្តកើតមានឡើង៕