(វ៉ាស៊ីនតោន)៖ រយៈពេលមួយទសវត្សរ៍ទៀត អាចម៍ផ្កាយធំមួយនឹងហោះកាត់ផែនដី។ រឿងនេះមិនបង្កការព្រួយបារម្ភ ចំពោះអ្នកវិទ្យាសាស្រ្តនោះទេ តែបណ្តាលឲ្យមានភាពត្រេកអរ និងរំភើបទៅវិញ ព្រោះពួកគេនឹងមានឱកាសត្រៀមខ្លួន ដើម្បីសិក្សាអំពីវានៅក្នុងព្រឹត្តិការណ៍ដ៏កម្រនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។
យោងតាមការព្យាករណ៍របស់អ្នកវិទ្យាសាស្រ្ត អាចម៍ផ្កាយខាងលើហៅថា Apophis ដែលមានមុខកាត់ប្រវែង ៣៤០ម៉ែត្រ នឹងហោះមកកៀកភពរបស់យើង ក្នុងចម្ងាយត្រឹមតែ ៣១,០០០គីឡួម៉ែត្រប៉ុណ្ណោះ ដែលវាជិតជាងគម្លាតរវាងផែនដី និងព្រះច័ន្ទដល់ទៅជាង ១០ដងឯណោះ។
ស្តាប់ទៅវាប្រហែលជារឿងគួរឲ្យភ័យព្រួយមួយ ប៉ុន្តែអ្នកវិទ្យាសាស្រ្តមានការជឿជាក់ខ្ពស់ថា ថ្មអវកាសនេះនឹងមិនមកបុកចំផែនដីឡើយ ហើយផ្ទុយទៅវិញទៀតនោះ វាគឺជាឱកាសដ៏មហាកម្រមួយ សម្រាប់ឲ្យពួកគេអាចសិក្សាស្វែងយល់ឲ្យ បានស៊ីជម្រៅអំពីពពួកអាចម៍ផ្កាយ ដែលស្ថិតនៅក្បែរៗផែនដី។
គួរជម្រាបថា ហេតុការណ៍ខាងលើនឹងកើតឡើងនៅថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០២៩។ បើតាមអ្នកវិទ្យាសាស្រ្ត ព្រឹត្តិការណ៍បែបនេះ គឺមិនងាយកើតមាននោះឡើយ រហូតទាល់តែរាប់ពាន់ឆ្នាំម្តងឯណោះ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺមនុស្សភាគច្រើន នៅលើផែនដីក៏នឹងអាចមើលឃើញវា ដោយភ្នែកទទេផងដែរ។ អ្នកវិទ្យាសាស្រ្តបានអះអាងថា អាចម៍ផ្កាយ Apophis មានលក្ខណៈ ស្រដៀងគ្នាខ្លាំងទៅនឹង ៨០ភាគរយ នៃអាចម៍ផ្កាយដែលមានលទ្ធភាពបង្កគ្រោះថ្នាក់ដល់ផែនដី ដែលពួកគេបានកំណត់រកឃើញ៕