(ឡុងដ៍)៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ហ្គេវីន វីលៀមសុន (Gavin Williamson) ត្រូវបាននាយករដ្ឋមន្ត្រីលោកស្រី ថេរ៉ាសា ម៉ាយ (Theresa May) បណ្ដេញចេញពីតំណែងហើយ ដោយសារតែការទម្លាយព័ត៌មានសំងាត់​ដោយគ្មានការអនុញ្ញាត។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ទៀតថា លោកស្រីនាយករដ្ឋមន្ត្រី Theresa May នៅល្ងាចថ្ងៃពុធបានស្នើឱ្យលោក Gavin Williamson លាលែងពីតំណែង ដោយសារតែធ្វើឱ្យលោកស្រីបាត់បង់ទំនុកចិត្ត លើសមត្ថភាពរបស់លោកក្នុងការបំពេញ​តួនាទីជារដ្ឋមន្ត្រីការពារជាតិ និងក្នុងនាមជាសមាជិកគណៈរដ្ឋមន្ត្រី»។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិរូបនេះបានច្រានចោលរាល់ការចោទប្រកាន់។

គួរបញ្ជាក់ថា លោក Williamson បានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ ចាប់តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ក្រោយការលាលែង ពីតំណែងរបស់លោក ម៉ៃឃើល ហ្វលឡូន (Michael Fallon)។ លោក Williamson នឹងត្រូវបានជំនួសតំណែងដោយលោកស្រី ភែននី ម៉ូរដនត៍ (Penny Mordaunt) ដែលនឹងក្លាយជារដ្ឋមន្ត្រីការពារជាតិអង់គ្លេស ជាស្ត្រីដំបូងគេបំផុត៕