(ពិភពលោក)៖ នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ឥណ្ឌានិងបារាំងនឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាមានឈ្មោះថា Varuna ដោយចាប់ផ្តើមពីថ្ងៃពុធនេះទៅជាមួយ វត្តមាននាវាចម្បាំងនិងនាវាមុជទឹកទំនើបៗ របស់ប្រទេសទាំងពីរ៕
២៖ ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Maha Vajiralongkorn) នៅថ្ងៃពុធនេះបានប្រកាសថា ព្រះអង្គបានរៀបអភិសេកជាមួយម្ចាស់ក្សត្រី ស៊ូធីដា វ៉ាច្ចរ៉ាឡុងកន (Suthida Vajiralongkorn) ហើយក៏បានតែងតាំង ទ្រង់ជាម្ចាស់ក្សត្រីស៊ូធីដាផងដែរ៕
៣៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាថ្ងៃពុធនេះបានថ្លែងសារអបអរសាទរ ដល់ព្រះចៅអធិរាជថ្មីព្រះនាម ណារុហ៊ីតុ (Naruhito) របស់ប្រទេសជប៉ុន សម្រាប់ឱកាសនៃការឡើងស្នងរាជ្យសម្បត្តិបន្តពីព្រះបីតាទ្រង់ អាគីហ៊ីតុ (Akihito) ដែលទើបបានដាក់រាជ្យកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ៕
៤៖ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នារវាងកងកម្លាំង រដ្ឋាភិបាលទីក្រុងទ្រីប៉ូលី និងកងកម្លាំងរដ្ឋាភិបាលភាគខាងកើតប្រទេសលីប៊ីបានកើនដល់ ៣៤៥នាក់ និង ១,៦៥២នាក់រងរបួស៕
៥៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអរគុណយ៉ាងខ្លាំងដល់កងទ័ពក្នុងការបង្រ្កាប ក្រុមយោធាមួយក្ដាប់តូចដែលបានធ្វើរដ្ឋប្រហារ និងព្យាយាមបង្កើតសង្រ្គាមបង្ហូរឈាមនៅក្នុងប្រទេសកាលពីថ្ងៃអង្គារ៕
៦៖ ហេតុការណ៍បាញ់ប្រហារមនុស្សម្នា បានកើតមានឡើង នៅក្នុងសាកលវិទ្យាល័យនៃរដ្ឋ ណតស៍ ខារ៉ូលីណា (North Carolina) សហរដ្ឋអាមេរិក ដែលបានបណ្តាលឲ្យមនុស្ស ០២នាក់ស្លាប់ និងយ៉ាងតិច ០៤នាក់ទៀតរងរបួស៕