(ញូដេលី)៖ ឥណ្ឌានិងបារាំងនឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាមានឈ្មោះថា Varuna ដោយចាប់ផ្តើមពីថ្ងៃពុធនេះទៅ ជាមួយ​វត្តមាននាវាចម្បាំងនិងនាវាមុជទឹកទំនើបៗ​​របស់ប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។

សមយុទ្ធយោធាខាងលើ ដែលត្រូវបានបង្កើតឡើងជាលើកដំបូងកាលពីឆ្នាំ១៩៨៣ និងបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុង​ភាពជាដៃគូយុទ្ធសាស្រ្តឥណ្ឌា-បារាំង នឹងមានការចូលរួមពីនាវាដឹកយន្តហោះចម្បាំង FNS Charles de Gaulle នាវាពិឃាត FNS Forbin និង FNS Provence ព្រមទាំងនាវាប្រយុទ្ធ FNS Latouche-Treville នាវាផ្ទុកសាំង FNS Marne និងនាវានុយក្លេអ៊ែរមួយគ្រឿង​​​​ពីខាងទ័ពជើងទឹកបារាំង។ រីឯខាងឥណ្ឌាវិញ នឹងរួមមាន នាវាដឹកយន្តហោះចម្បាំង INS Vikramaditya នាវាពិឃាត INS Mumbai នាវាប្រយុទ្ធ INS Tarkash នាវាមុជទឹក INS Shankul និងនាវាដឹកសាំង INS Deepak។

គួរជម្រាបថា សមយុទ្ធយោធាជើងទឹក Varuna នឹងប្រព្រឹត្តទៅក្នុងលក្ខណៈជា០២ដំណាក់កាល ដោយដំណាក់កាលទីមួយ នឹងធ្វើ​​ឡើងពីថ្ងៃពុធនេះរហូតដល់ថ្ងៃទី១០ ខែឧសភា នៅក្បែរឆ្នេរភាគខាងត្បូងប្រទេសឥណ្ឌា និងដំណាក់កាលទីពីរ គឺនៅចុងខែឧសភា​ នៅប្រទេសជីប៊ូទី (Djibouti)៕