(បាងកក)៖ ដំរីសឈ្មោលមួយក្បាលឈ្មោះ ផ្លៃ អេកាឆៃ (Plai Ekachai) មានអាយុ ៣៣ឆ្នាំ ត្រូវបានគេចាត់ទុកជាអំណោយយ៉ាងសាកសម សម្រាប់ថ្វាយព្រះមហាក្សត្រថៃថ្មី ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលនឹងត្រូវឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការក្នុង ព្រះរាជពិធីជាឱឡារិកចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែឧសភាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងប្រទេសថៃ Plai Ekachai ត្រូវបានគេគោរពដូចជាសត្វទេព ក្រោយវាត្រូវបានគេបញ្ជាក់ថា ជាដំរីសដ៏មានតម្លៃ ដែលត្រូវបានរកឃើញនៅក្រោមរជ្ជកាលព្រះមហាក្សត្ររាមាទី ១០ (Rama X)។ Plai Ekachai ក៏នឹងក្លាយជាអំណោយមួយផងដែរសម្រាប់ព្រះមហាក្សត្រថ្មី បន្ទាប់ពីពិធីឡើងគ្រងរាជសម្បត្តិនៅចុងសប្ដាហ៍នេះ។ ម្យ៉ាងវិញទៀត ដំរី នេះមិនមែនត្រូវបានគេហៅថាដំរីស ដោយសារតែពណ៌សម្បុរសរបស់វានោះទេ ប៉ុន្តែដោយសារតែវាជាប្រភេទសត្វកម្រ និងជាពិសេសត្រូវបានគេគោរព។
ប៉ុន្តែគេមិនទាន់ដឹងច្បាស់ពីកាលបរិច្ឆេទជាក់លាក់ថា នៅពេលណាទើប Ekachai ត្រូវឆ្លងកាត់ពិធីផ្លូវការមួយដើម្បី ក្លាយជាដំរីសរបស់ព្រះមហាក្សត្រមារាទី ១០ នៅឡើយទេ ខណៈពិធីនេះនឹងត្រូវធ្វើឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៨ មក។
គួរបញ្ជាក់ថា ព្រះបិតារបស់ព្រះមហាក្សត្រព្រះ បាទមហា វិច្ឆិរ៉ាឡុងកន គឺទ្រង់ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ធ្លាប់ទទួលបានដំរីស ១០ក្បាល នៅអំឡុងរាជ្យ៧០ឆ្នាំរបស់ព្រះអង្គ មុននឹងទ្រង់យាងចូលទិវង្គតកាលពីខែតុលា ឆ្នាំ២០១៦៕