Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ចេញសេចក្តីថ្លែងការណ៍អបអរការឡើងគ្រងរាជសម្បត្តិ នៃព្រះចៅអធិរាជជប៉ុនថ្មី Naruhito (Video inside)

01-05-2019 14:38

(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាថ្ងៃពុធនេះបានថ្លែងសារអបអរសាទរ ដល់ព្រះចៅអធិរាជថ្មីព្រះនាម ណារុហ៊ីតុ (Naruhito) របស់ប្រទេសជប៉ុន សម្រាប់ឱកាសនៃការឡើងស្នងរាជ្យសម្បត្តិបន្តពីព្រះបីតាទ្រង់ អាគីហ៊ីតុ (Akihito) ដែលទើបបានដាក់រាជ្យកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។

នៅក្នុងសារអបអរសាទរនោះ លោក ស៊ី ជិនពីង បានលើកឡើងយ៉ាងដូច្នេះថា ប្រទេសទាំងពីរចិន និងជប៉ុន គឺជាអ្នកជិតខាតដ៏ជិតស្និទ្ធ ដែលមាន ចំណងមិត្តភាពយូរអង្វែងជាមួយគ្នា ហើយម៉្យាងវិញទៀតប្រជាជាតិទាំងពីរ គួរតែរួមសហការគ្នាសំដៅលើកកម្ពស់សុខសន្តិភាព និងការអភិវឌ្ឍ ដើម្បីឆ្ពោះទៅរកការកសាងអនាគតដ៏ត្រចះត្រចង់ សម្រាប់ចំណងទាក់ទងទ្វេភាគី។ ក្នុងសារដាច់ដោយឡែកពីគ្នា លោក ស៊ី ក៏បានថ្វាយពរជ័យដល់អតីតព្រះចៅអធិរាជ Akihito ផងដែរ។

ចាប់ពីពាក់កណ្តាលយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ ព្រះចៅ Akihito លែងមានឋានៈជាអធិរាជនៃប្រទេសជប៉ុនទៀតហើយ ស្របពេលដែលសករាជ ហៃសី (Heisei) ដែលមានរយៈពេលប្រមាណ ០៣ទសវត្សរ៍ត្រូវបានបញ្ចប់ជាស្ថាពរ ហើយសករាជថ្មី Reiwa ត្រូវចាប់ផ្តើមបន្ត។ ព្រះបុត្រាច្បងរបស់ទ្រង់ គឺព្រះអង្គម្ចាស់ ណារុហ៊ីតុ (Naruhito) ដែលមានព្រះជន្ម ៥៩ព្រះវស្សា បានឡើងស្នងរាជ្យបន្ត​ជាព្រះចៅអធិរាជថ្មីនៃប្រទេសជប៉ុន កាលពីព្រឹកថ្ងៃពុធនេះ។

គួរបញ្ជាក់ថា អតីតព្រះចៅអធិរាជ Akihito បានបង្ហាញពីព្រះរាជបំណងចង់ដាក់រាជ្យកាលពីឆ្នាំ២០១៦ ដោយសារការព្រួយព្រះទ័យពីព្រះរាជសុខភាព របស់ព្រះអង្គផ្ទាល់ ហើយមួយឆ្នាំក្រោយមក សភាជប៉ុនក៏ បានសម្រេចអនុម័តច្បាប់មួយដែលអាចប្រើបានតែម្តងប៉ុណ្ណោះ ដើម្បីឲ្យ ទ្រង់អាចសម្រេចព្រះរាជបំណងនេះ ខណៈវាគឺជាលើកទីមួយហើយក្នុងអំឡុងពេល ២០០ឆ្នាំកន្លងមកនេះ ដែលព្រះចៅអធិរាជនៃប្រទេសជប៉ុនបានដាក់រាជ្យ។ ទ្រង់គឺជាអធិរាជទី ១២៥ របស់ប្រទេសជប៉ុន ខណៈព្រះអង្គម្ចាស់ Naruhito ក្លាយជាអធិរាជទី ១២៦៕