(ម៉ូស្គូ)៖ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី និងកងកម្លាំងរដ្ឋាភិបាលភាគខាងកើតប្រទេសលីប៊ីបានកើនដល់ ៣៤៥នាក់ និង ១,៦៥២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។
ជម្លោះនៅក្នុងប្រទេសលីប៊ីបានផ្ទុះឡើងជាថ្មីកាលពីថ្ងៃទី០៤ ខែមេសា ក្រោយឧត្ដមសេនីយ លោក ខាលីហ្វា អាហ្វតា (Khalifa Haftar) បានបញ្ជាឱ្យកងកម្លាំងរបស់លោក បើកការវាយលុកលើទីក្រុងទ្រីប៉ូលី ដោយអះអាងថាដើម្បីរំដោះរដ្ឋធានីមួយនេះ ពីក្រុមប្រដាប់អាវុធខុសច្បាប់ និងពួកភេរវករ។ ជាលទ្ធផលនៃការវាយប្រយុទ្ធគ្នា អស់ជាច្រើនសប្ដាហ៍ កងកម្លាំងឧត្ដមសេនីយរូបនេះ បានវាយដណ្ដើមយកតំបន់ជាច្រើននៃទីក្រុងសួរមែន (Surman) រួមទាំងតំបន់ ហ្គារីយ៉ាន (Garyan) ស្ថិតនៅក្បែរទីក្រុងទ្រីប៉ូលីផងដែរ បើទោះជាកងកម្លាំងរដ្ឋាភិបាលទីក្រុងទី្រប៉ូលី គំាទ្រដោយអន្តរជាតិបើកការវាយបក ត្រឡប់ទៅវិញក៏ដោយ។
គួរបញ្ជាក់ថា ប្រទេសលីប៊ីបានធ្លាក់ចូលភាពវឹកវរតាំងតែពីឆ្នាំ២០១១ មកម្ល៉េះ ក្រោយអតីតមេដឹកនាំលោក មួអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) ត្រូវបានគេទម្លាក់ពីអំណាច និងបាញ់សម្លាប់ចោល។ ចាប់ពីពេលនោះមកដែរ លីប៊ីត្រូវពុំចែកជា ២ ដោយចាប់ពីភាគខាងលិចរហូតដល់ទីក្រុងទី្រប៉ូលី គ្រប់គ្រងដោយរដ្ឋាភិបាលរួបរួមជាតិរបស់នាយករដ្ឋមន្ត្រី លោក ហ្វាយ៉េស អាល់ហ្សារ៉ាច (Fayez al-Sarraj) ដែលគំាទ្រដោយអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលភាគខាងកើតដឹកនាំដោយឧត្ដមសេនីយ លោក ខាលីហ្វា អាហ្វតា៕