Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉ាឌូរ៉ូ បានត្រៀមឡើងជិះយន្តហោះគេចខ្លួនទៅគុយបា តែរុស្ស៊ីឃាត់ទាន់ពេល, នេះបើតាមរដ្ឋមន្ត្រីការបរទេសអាមេរិក (Video inside)

01-05-2019 09:46

(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានអះអាងថា ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានត្រៀមខ្លួនជិះយន្ដហោះទៅកាន់ប្រទេសគុយបា កាលពីថ្ងៃអង្គារ ក៏ដូចជាបោះបង់ទីក្រុងការ៉ាកាស់ឱ្យមេបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ប៉ុន្តែត្រូវបានរុស្ស៊ីឃាត់ទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។

លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ CNN និងចំពេលទីក្រុងការ៉ាកាស់កំពុងជួបភាពវឹកវរជាថ្មី ក្រោយលោក Guaido ប្រកាសទទួលស្គាល់ថា បានចាប់ផ្ដើមអនុវត្តដំណាក់កាលចុងក្រោយ នៃផែនការធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីអំណាច។ នាឱកាសនោះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «លោក ម៉ាឌូរ៉ូ បានត្រៀមខ្លួនចាកចេញពីវេណេស៊ុយអេឡា ទៅកាន់ប្រទេសគុយបាកាលពីព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ប៉ុន្តែរុស្ស៊ី បានប្រាប់លោកកុំឱ្យចាកចេញឲ្យសោះ»

ទោះជាយ៉ាងនេះក្ដីជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បានទាត់ចោលការអះអាងរបស់លោក ប៉ុមបេអូ ដោយចោទថា សហរដ្ឋអាមេរិកកំពុងផ្សព្វផ្សាយព័ត៌មានមិនពិត។ ដោយឡែកលោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអរគុណយ៉ាងខ្លាំងដល់កងទ័ពក្នុងការបង្រ្កាប ក្រុមយោធាមួយក្ដាប់តូចដែលបានធ្វើរដ្ឋប្រហារ និងព្យាយាមបង្កើតសង្រ្គាមបង្ហូរឈាមនៅក្នុងប្រទេសកាលពីថ្ងៃអង្គារ៕