(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ នៅក្នុងព្រះរាជបន្ទូលជាលើកចុងក្រោយ ទៅកាន់ប្រជាជាតិជប៉ុនក្នុងនាមជាអធិរាជ ព្រះចៅ Akihito នាល្ងាច
ថ្ងៃអង្គារនេះ បានប្រកាសជាផ្លូវការអំពីការដាក់រាជ្យរបស់ទ្រង់ ហើយបានបង្ហាញក្តីសង្ឃឹមដោយមុតមាំថាជប៉ុននឹងបន្ត មានអនាគតដែលប្រកបដោយស្ថិរភាព និងបានជូនពរឲ្យមានសុខសន្តិភាព និងសុភមង្គលសម្រាប់មនុស្សម្នាទាំងអស់ នៅជុំវិញពិភពលោក។
២៖ អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី Delcy Rodríguez បានអះអាងថាមានករណីប៉ុនប៉ងធ្វើរដ្ឋប្រហារ មួយកើតឡើងជាថ្មីទៀត ដោយក្រុមយោធាស្តាំនិយមមួយក្រុម បានទន្ទ្រានចូលកាន់កាប់តំបន់មួយឈ្មោះ Altamira ស្ថិតនៅក្បែររដ្ឋធានីការ៉ាកាស់៕
៣៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅថ្ងៃអង្គារនេះបានចុះហត្ថលេខាហើយលើសេចក្ដីព្រាងច្បាប់ មួយដើម្បីឱ្យវាក្លាយទៅច្បាប់ផ្លូវការ ដែលចាត់ទុកកងទ័ពអាមេរិកទាំងអស់នៅក្នុងតំបន់មជ្ឈិមបូព៌ាជាភេរវករ ក៏ដូចជា ចាត់ទុករដ្ឋាភិបាលអាមេរិកផ្ទាល់ជារដ្ឋគាំទ្រភេរវកម្មផងដែរ៕
៤៖ គ្រួសារមួយចំនួននៃជនរងគ្រោះ ដោយសារការធ្លាក់យន្តហោះប្រភេទ Boeing 737 MAX 8 បានសម្រេចដាក់ ពាក្យប្តឹងក្រុមហ៊ុនផលិតយន្តហោះ Boeing ទៅកាន់តុលាការនៅទីក្រុងឈីកាហ្គោ (Chicago) របស់សហរដ្ឋអាមេរិក៕
៥៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើការបោះជំហាន ថ្មីមួយទៀតដោយស្នើទៅកាន់ព្រឹទ្ធសភា អាមេរិកឲ្យគិតគូរផ្តល់សច្ចាប័នដល់លើពិធីសារសន្និសញ្ញា ដើម្បីដាក់បញ្ចូលប្រទេសម៉ាសេដូនៀខាងជើង (North Macedonia) ជាសមាជិកទី ៣០ នៃអង្គការ NATO៕
៦៖ ប្រទេសចិន និងរុស្ស៊ីបានចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធារួមមួយ នៅឯទីក្រុងគីងតាវ (Qingdao) នៃខេត្តសានទុង (Shandong) ភាគខាងកើតប្រទេសចិន ក្រោយមកដល់នៃកងនាវារបស់ប្រទេសរុស្ស៊ី៕