(ការ៉ាកាស់)៖ មេបក្សប្រឆាំង លោក Juan Guaido ដែលប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតី វេណេស៊ុយអេឡាស្ដីទី ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថាលោក បានចាប់ផ្ដើមអនុវត្តដំណាក់កាលចុងក្រោយនៃផែនការទម្លាក់ប្រធានាធិបតីបច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែងហើយជាមួយការអំពាវនាឱ្យយោធា និងប្រជាជនវេណេស៊ុយអេឡាទាំងអស់គាំទ្ររូបលោក។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។
លោក Guaido ធ្វើការអំពាវនាវខាងលើនៅក្នុងវីដេអូមួយបង្ហោះលើ Twitter ហើយដែលនៅក្នុងវីដេអូនេះ ទៀតសោត គេឃើញមានក្រុមបុរសស្លៀកឯកសណ្ឋានយោធាប្រដាប់ដោយអាវុធប្រមាណ៧០នាក់ នៅអមជុំវិញ មេបក្សប្រឆាំងរូបនេះ រួមជាមួយមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងម្នាក់ទៀតគឺលោក Leopoldo Lopez។ វីដេអូនេះត្រូវ បានថតនៅឯមូលដ្ឋានទ័ពអាកាស La Carlota ស្ថិតនៅក្បែរទីក្រុងការ៉ាកាស់។
ថ្លែងនៅក្នុងវីដេអូខាងលើ លោក Guaido បានលើកឡើងដូច្នេះថា៖«កងទ័ពនឹងធ្វើការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដើម្បីប្រឆាំងនឹងប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ...ហើយខ្ញុំក៏សូមអំពាវនាវផងដែរឱ្យប្រជាជនទាំងអស់នាំគ្នាធ្វើ បាតុកម្មតវ៉ា និងទាមទារកងទ័ពចូលរួមជាមួយពួកយើងប្រឆាំងនឹងរដ្ឋាភិបាល»។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះដែរ អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី Delcy Rodríguez បានឱ្យដឹង ថាមានករណីប៉ុនប៉ងធ្វើរដ្ឋប្រហារមួយកើតឡើងជាថ្មីទៀត ដោយក្រុមយោធាស្តាំនិយមមួយក្រុមបានទន្ទ្រានចូល កាន់កាប់តំបន់មួយឈ្មោះ Altamira ស្ថិតនៅក្បែររដ្ឋធានីការ៉ាកាស់។ ប៉ុន្តែរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ បានអះអាងថាយោធាកំពុងគ្រប់គ្រងស្ថានការណ៍ រីឯរដ្ឋមន្ត្រីក្រសួងការពារជាតិវេណេស៊ុយអេឡា ក៏បានចេញមុខ ប្រកាសផងដែរថា កងទ័ពវេណេស៊ុយអេឡាទាំងអស់ គឺស្ថិតនៅជាមួយ លោក ម៉ាឌូរ៉ូ ដែលជាប្រធានាធិបតី ស្របច្បាប់ជានិច្ច និងបានហៅមេបក្សប្រឆាំងលោក Juan Guaido ថាជាជនក្បត់៕