(តូក្យូ)៖ នៅក្នុងព្រះរាជបន្ទូលជាលើកចុងក្រោយ ទៅកាន់ប្រជាជាតិជប៉ុនក្នុងនាមជាអធិរាជ ព្រះចៅ Akihito នាល្ងាចថ្ងៃអង្គារនេះ បានប្រកាសជាផ្លូវការអំពីការដាក់រាជ្យរបស់ទ្រង់ ហើយបានបង្ហាញក្តីសង្ឃឹមដោយមុតមាំថា ជប៉ុននឹងបន្តមានអនាគត ដែលប្រកបដោយស្ថិរភាព និងបានជូនពរឲ្យមានសុខសន្តិភាព និងសុភមង្គលសម្រាប់មនុស្សម្នាទាំងអស់នៅជុំវិញពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។
ក្នុងព្រះរាជពិធីដាក់រាជ្យ ដែលបានប្រព្រឹត្តទៅក្នុងកំឡុងពេលប្រមាណត្រឹមតែ ១០នាទីប៉ុណ្ណោះនៅឯមហាវិមានក្នុងព្រះរាជវាំងជប៉ុន ជាមួយការចូលរួមពីភ្ញៀវកិត្តិយសអ្នកមុខអ្នកការប្រមាណជា ៣០០នាក់ ក្នុងនោះរួមមានទាំងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ និងព្រះរាជទាយាទ គឺព្រះអង្គម្ចាស់ Naruhito ព្រះចៅអធិរាជ Akihito បានមានព្រះបន្ទូលយ៉ាងដូច្នេះថា «ចាប់តាំងតែពីការឡើងសោយរាជ្យកាលពី ៣០ឆ្នាំមុន ខ្ញុំបានបំពេញកាតព្វកិច្ចជា អធិរាជជប៉ុនជាមួយស្មារតីជឿទុកចិត្ត ក៏ដូចជាក្តីគោរពយ៉ាងជ្រាលជ្រៅសម្រាប់ប្រជាជន ហើយខ្ញុំចាត់ទុកខ្លួនខ្ញុំគឺជាមនុស្សមានសំណាងបំផុត ដែលមានឱកាសបានធ្វើយ៉ាងដូច្នោះ»។
ព្រះចៅ Akihito បានបន្តជូនពរប្រជាជាតិរបស់ទ្រង់ទៀតថា សករាជថ្មី រៃវ៉ា (Reiwa) ដែលនឹងចាប់ផ្តើមពីពាក់កណ្តាលយប់នេះ នឹងជាសករាជមួយដែលប្រកបដោយស្ថិរភាព និងសម្បូរផ្លែសម្បូរផ្កា ហើយទ្រង់បានបង្ហាញក្តីសង្ឃឹមទៀតថា មនុស្សម្នាទាំងអស់ទាំងនៅប្រទេសជប៉ុន និងជុំវិញពិភពលោក នឹងទទួលបានសុខសន្តិភាពព្រមទាំងវិបុលភាព។
គួរជម្រាបថា ចាប់ពីពាក់កណ្តាលយប់នេះទៅ (ឈានចូលថ្ងៃពុធ) ព្រះចៅ Akihito នឹងលែងមានឋានៈជាអធិរាជនៃប្រទេសជប៉ុនទៀតហើយ ស្របពេលដែលសករាជ ហៃសី (Heisei) ដែលមានរយៈពេលប្រមាណ ០៣ទសវត្សរ៍នឹងត្រូវបញ្ចប់ជាស្ថាពរ ហើយសករាជថ្មី Reiwa នឹងត្រូវចាប់ផ្តើម។ រីឯព្រះបុត្រាច្បងរបស់ទ្រង់ គឺព្រះអង្គម្ចាស់ ណារុហ៊ីតុ (Naruhito) ដែលមានព្រះជន្ម ៥៩ព្រះវស្សា នឹងឡើងស្នងរាជ្យបន្តជាព្រះចៅអធិរាជថ្មីនៃប្រទេសជប៉ុន នៅព្រឹកថ្ងៃពុធស្អែក។
ព្រះចៅអធិរាជ Akihito បានបង្ហាញពីព្រះរាជបំណងចង់ដាក់រាជ្យកាលពីឆ្នាំ២០១៦ ដោយសារការព្រួយព្រះទ័យពីព្រះរាជសុខភាព របស់ព្រះអង្គផ្ទាល់ ហើយមួយឆ្នាំក្រោយមក សភាជប៉ុនក៏ បានសម្រេចអនុម័តច្បាប់មួយដែលអាចប្រើបានតែម្តងប៉ុណ្ណោះ ដើម្បីឲ្យ ទ្រង់អាចសម្រេចព្រះរាជបំណងនេះ ខណៈវាគឺជាលើកទីមួយហើយក្នុងអំឡុងពេល ២០០ឆ្នាំកន្លងមកនេះ ដែលព្រះចៅអធិរាជនៃប្រទេសជប៉ុនបានដាក់រាជ្យ។ ព្រះចៅ Akihito គឺជាអធិរាជទី១២៥ របស់ប្រទេសជប៉ុន ខណៈព្រះអង្គម្ចាស់ Naruhito នឹងក្លាយជាអធិរាជទី ១២៦៕