(តូក្យូ)៖ នៅទីបំផុតពិធីដាក់រាជ្យរបស់ព្រះចៅអធិរាជជប៉ុន Akihito បានចាប់ផ្ដើមជាផ្លូវការហើយនៅម៉ោង ៥៖០០នាទីល្ងាចថ្ងៃអង្គារនេះ (ម៉ោងនៅតូក្យូ) ជាការ បិទបញ្ចប់សករាជហៃសី (Heisei) របស់ព្រះអង្គជិត ៣ ទសវត្សរ៍មកនេះ និងបើកសករាជ រៃវ៉ា (Reiwa) នៃព្រះចៅអធិរាជជប៉ុនថ្មីណារុហ៊ីតុ (Naruhito)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន NHK នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩។
ព្រះរាជពិធីដាក់រាជ្យរបស់ព្រះចៅអធិរាជ Akihito កំពុងប្រព្រឹត្តទៅក្នុងសាល ម៉ាត់ស៊ូ ណូ ម៉ា (Matsu no ma) ឬមហាវិមាន ស្រល់ (Hall of Pine) នៃព្រះរាជវាំងជប៉ុននាវេលាម៉ោង ៥៖០០នាទី ដល់ម៉ោង ០៥៖១០នាទីល្ងាច (ម៉ោងនៅជប៉ុន) ក្រោមវត្តមានអ្នកចូលរួម ៣០០នាក់ ហើយពិធីនេះក៏កំពុងផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ជាតិជប៉ុន NHT ផងដែរ។ ព្រះចៅអធិរាជ Akihito បានប្រកាសដាក់រាជ្យ ដើម្បីទុកឱកាសឱ្យបុត្រាច្បងរបស់ទ្រង់ ព្រះនាម ណារុហ៊ីតុ (Naruhito) ឡើងគ្រងរាជ្យសម្បត្តិបន្ត រាជវង្ស Chrysanthemum និងបើកសករាជអធិរាជថ្មីមួយដែលមាននាមថា រៃវ៉ា (Reiwa) ជំនួសសករាជចាស់ ហៃសី (Heisei)។
ចំណែកឯ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ក៏បានប្រកាសពីការដាក់រាជសម្បត្តិផងដែរ ខណៈព្រះចៅ Akihito មានបន្ទូលជាលើកចុងក្រោយទៅកាន់ប្រជាជាតិ ក្នុងនាមជាអធិរាជនៃប្រទេសជប៉ុន ហើយរហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ទើបព្រះរាជពិធីដ៏ធំមួយនឹងត្រូវប្រារព្ធឡើង សម្រាប់ការឡើងគ្រងរាជសម្បត្តិជាផ្លូវការ របស់ព្រះចៅអធិរាជ Naruhito នៅចំពោះមុខឥស្សរជនមកពីបណ្តាប្រទេសជិត ២០០ជុំវិញពិភពលោក។
គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលជប៉ុនការចំណាយសម្រាប់ពិធីឡើងគ្រងរាជសម្បត្តិ របស់ព្រះចៅអធិរាជថ្មីអាចមានទំហំខ្ទង់ ២.៧ពាន់លានយេន ឬ ២៤លានដុល្លារ។ រីឯប្រជាជប៉ុននឹងត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ១០ថ្ងៃផងដែរ៕