(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ (Akihito) ដែលមានព្រះនាមដើម ត្សូគុ អាគីហ៊ីតុ (Tsugu Akihito) បានប្រសូតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៣ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយបានក្លាយជាព្រះចៅអធិរាជចាប់ពីឆ្នាំ១៩៨៩មក ក្រោមសករាជ Heisei។ ប៉ុន្តែនៅល្ងាចថ្ងៃអង្គារ ទី៣០ ខែមេសានេះទ្រង់នឹងក្លាយជាព្រះចៅអធិរាជប៉ុន ដំបូងបំផុត ដែលនឹងត្រូវដាក់រាជ្យជាផ្លូវការ មិនធ្លាប់មានក្នុងរយៈពេលជាង ២០០ឆ្នាំមកនេះ ខណៈបុត្រាច្បងរបស់ទ្រង់ព្រះនាម ណារុហ៊ីតុ (Naruhito) នឹងត្រូវឡើងគ្រងរាជ្យសម្បត្តិ ដែលមាននាមថា រាជវង្សជ្រីសានសេម៉ុម (Chrysanthemum Throne ) បន្តពីទ្រង់ និងបើកសករាជអធិរាជថ្មីឈ្មោះ Reiwa។ ព្រះចៅអធិរាជ Akihito គឺជាបុត្រាច្បង របស់អតីតព្រះចៅអធិរាជ Hirohito និងមហេសី Nagako។
ខាងក្រោមនេះគឺចំណុចទាំង ៦ ដែលអ្នកអាចនឹងមិនបានដឹងពីខ្សែជីវិតរបស់ព្រះចៅ Akihito៖
១៖ ព្រះអង្គមានប្រវត្តិបង្កើតគ្រួសារដ៏យូរអង្វែង
ព្រះចៅអធិរាជ Akihito បានប្រសូតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៣ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយគឺជាអធិរាជប៉ុនទី ១២៥ ដែលបន្តសែស្រឡាយរហូតដល់ ២,៦០០ឆ្នាំមកហើយ និងជាប់នាមជាគ្រួសារនៃរបបរាជាធិបតេយ្យដ៏ចំណាស់មួយនៅ លើពិភពលោក។
២៖ ជម្នះប្រពៃណីជប៉ុនដើម្បីរៀបអាចអភិសេកជាមួយជនសាមញ្ញ
កាលនៅជាព្រះរាជទាយាទ ព្រះអង្គម្ចាស់ Akihito បានរៀបអភិសេកជាមួយជនសាមញ្ញម្នាក់គឺ មហេសីបច្ចុប្បន្ន សូដា មីជិកុ (Shōda Michiko) ដែលជាកូនស្រីរបស់អ្នកជំនួញស្ដុកស្ដម្ភម្នាក់ កាលពីឆ្នាំ១៩៥៩។ ទ្រង់ទាំង២បានស្គាល់គ្នា នៅកំឡុងការប្រកួតវាយតេនីសក្នុងទីក្រុងតូក្យូ ដែលគេស្គាល់ជាទូទៅថា «តេនីសផ្ដើមស្នេហ៍» ព្រមមានទាំងបុត្របីអង្គ និងចៅបួនអង្គ។ ប៉ុន្តែការរៀបអភិសេធរបស់ទ្រង់ទាំង ២ បានរំលងប្រពៃណីជប៉ុនមានអាយុកាលជាង ១,៥០០ឆ្នាំ ដែលធ្លាប់តែមានសែរាជ្យវង្សប៉ុណ្ណោះ ទើបអាចរៀបអភិសេកជាមួយគ្នា។
៣៖ ព្រះអង្គគ្រងរាជបល្ល័ង Chrysanthemum
ព្រះចៅអធិរាជជប៉ុន Akihito បានគ្រងរាជ្យបល្ល័ង Chrysanthemum នៅឆ្នាំ១៩៨៩ ក្រោយព្រះបិតារបស់ទ្រង់ ហ៊ីរុហ៊ីតុ (Hirohito) សោយទិវង្គត។ ប៉ុន្តែ ពិធីគ្រងរាជសម្បត្តិជាផ្លូវការ មិនបានបញ្ចប់ពេញលេញឡើយ រហូតដល់ជិត២ឆ្នាំបន្ទាប់។
៤៖ ទ្រង់មិនមែនជាព្រះជាម្ចាស់ ឬអាទិទេពឡើយ
ព្រះបិតារបស់ទ្រង់ គឺព្រះចៅអធិរាជ Hirohito បានប្រកាសបោះបង់ចោលជាសាធារណៈ នូវតួនាទីជាអាទិទេពរបស់ព្រះអង្គ នៅចុងបញ្ចប់សង្រ្គាមលោកលើកទី ២ ដោយសារជប៉ុនចាញ់សង្រ្គាមនេះ។ ការព្រះទ័យនេះមាន័យថា ព្រះចៅអធិរាជក្រោយៗមកទៀតមានតួនាទីជា «និមិត្តរូបនៃប្រទេស» ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ តាក់តែងឡើងដោយសហរដ្ឋអាមេរិក។ ប៉ុន្តែ ប្រជាជនជប៉ុនខ្លះនៅតែចាត់ទុកដដែលថា ព្រះចៅអធិរាជគឺជាព្រះជាម្ចាស់ ឬអាទិទេព។
៥៖ ទ្រង់ធ្លាប់លេងកីឡាវាយតេសនីសជាមួយលោក George Bush
ព្រះចៅអធិរាជ Akihito ធ្លាប់បានយាងធ្វើដំណើរទៅកាន់កន្លែងជាច្រើន និងជួបជាមួយមេដឹកនាំពិភពលោក ច្រើនជាងព្រះចៅអធិរាជជប៉ុនមុនៗ។ ក្នុងឆ្នាំ១៩៩៨ ទ្រង់បានជួបជាមួយព្រះម្ចាស់ក្សត្រី Elizabeth បើទោះជាមានការតវ៉ាពីសំណាក់អតីត អ្នកទោសអង់គ្លេសជាប់ឃុំនៅក្នុងប្រទេសជប៉ុន នៅអំឡុងសង្រ្គាមក៏ដោយ។ មិនតែប៉ុណ្ណោះ ព្រះចៅអធិរាជក៏ធ្លាប់បានលេងតេនីស ជាមួយអតីតប្រធានាធិបតីអាមេរិក លោក George Bush ចំនួន២លើកផងដែរ ហើយការប្រកួតទាំង២លើកនេះគឺទ្រង់ជាអ្នកឈ្នះ។
៦៖ ប្រវតិ្តនៃបញ្ហាព្រះរាជសុខភាពរបស់ទ្រង់ Akihito
ព្រះចៅអធិរាជ Akihito ធ្លាប់ទទួលការវះកាត់មហារីកក្រពេញប្រូស្ដាតកាលពីឆ្នាំ២០០៣ និងបេះដូងនៅឆ្នាំ២០១២។ បន្ថែមពីលើនេះនៅពេលប្រកាសពី ព្រះទ័យដាក់រាជ្យកាលពីឆ្នាំ២០១៦ ព្រះអង្គក៏បានរំឮកពីបញ្ហាសុខភាព និងព្រះជន្មាយុកាន់តែចាស់ថា បានបង្កលំបាកក្នុងការបំពេញរាជកិច្ច ដែលភាគច្រើនគឺស្ថិតនៅក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការក្នុងនាមជាព្រះប្រមុខរដ្ឋ មិនខុសពីបណ្តាព្រះប្រមុខរដ្ឋ នៃប្រទេសរាជានិយមផ្សេងៗទៀតលើលោកនោះឡើយ៕
ប្រភព៖ BBC