(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានសម្រេចថានឹងធ្វើការផ្លាស់ប្តូររដ្ឋធានីនៃប្រទេសអាស៊ាន មួយនេះចេញពីកោះជ្វាដែលកាន់តែមានមនុស្សរស់នៅកកកុញ។ នេះបើតាមការរដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ីដកស្រង់សម្តី ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយការបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ី លោក Bambang Brodjonegoro បានប្រកាសឲ្យដឹងថា លោក Widodo បានសម្រេចជ្រើសរើសនឹងធ្វើការផ្លាស់ប្តូរ រដ្ឋធានីចេញពីលើកោះជ្វា ដែលវាគឺជាការសម្រេចចិត្តដ៏សំខាន់មួយ ប៉ុន្តែលោក Brodjonegoro បានបញ្ជាក់ថារដ្ឋាភិបាលនៅមិនទាន់បានរើសយក ទីតាំងថ្មីនៅឡើយទេ។
គួរជម្រាបថា បើតាមលោករដ្ឋមន្រ្តីផែនការឥណ្ឌូណេស៊ី ការផ្លាស់ប្តូររដ្ឋធានីចេញពីទីក្រុងហ្សាការតា អាចប្រើពេលរហូតដល់ ទៅ១០ឆ្នាំឯណោះ គឺដូចកាលនៅប្រេស៊ីល ម៉ាឡេស៊ី និងកាហ្សាក់ស្ថានយ៉ាងដូច្នោះ។ ដោយឡែក ទីក្រុង Palangka Raya នៅលើកោះ Borneo អាចនឹងក្លាយជារដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី៕