(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យោធាអាមេរិកបានឱ្យដឹងថាខ្លួនបានបញ្ជូននាវាពិឃាត២គ្រឿងឱ្យទៅធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ខណៈមន្ទីរបញ្ចកោណកំពុងបង្កើនសកម្មភាពនាវាចរនៅក្នុងតំបន់ផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ បើទោះជាមានការប្រឆាំងជំទាស់យ៉ាងខ្លាំងពីចិនក៏ដោយ៕
២៖ តើយើងទាំងអស់គ្នាត្រូវធ្វើដូចម្តេច បើយើងដឹងថាអាចម៍ផ្កាយធំមួយ នឹងមកបុកផែនដីនៅឆ្នាំ២០២៧។ នេះគឺជាអ្វីដែល ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងធ្វើការសិក្សាក្នុងកំឡុងការពិសោធន៍មួយ ដែលនឹងប្រព្រឹត្តទៅក្នុងសប្តាហ៍នេះ៕
៣៖ ប៉ូលិសឥណ្ឌាបានចុះឆែកឆេរផ្ទះជនសង្ស័យ ០៣នាក់ក្រោមក្របខណ្ឌ នៃការស៊ើបអង្កេតលើករណីសង្ស័យថា មនុស្ស១៥នាក់បានចេញពីប្រទេសឥណ្ឌា ទៅចូលរួមជាមួយក្រុម ISIS តែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការវាយប្រហារ ភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សច្រើនជាង ២៥០នាក់ នៅប្រទេសស្រីលង្កា៕
៤៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ Air Zimbabwe បានឆេះចេញភ្លើងមួយសន្ទុះនៅផ្នែកក្បែរ កន្ទុយរបស់វា ដែលបណ្តាលមកពីបញ្ហាម៉ាស៊ីន ក្នុងពេលហោះហើរ។
៥៖ ជនរងគ្រោះក្នុងករណីបាញ់ប្រហារ នៅកន្លែងបន់ស្រន់របស់ក្រុមជនជាតិជ្វីប នៅទីក្រុង សាន់ឌាហ្គោ (San Diego) រដ្ឋកាលីហ្វញ៉ា នៃសហរដ្ឋអាមេរិកឈ្មោះ រ៉េបប៊ី ហ្គោលស្ទេច (Rabbi Goldstein) បាននិយាយថាអំពើអាក្រក់នឹង គ្មានថ្ងៃឈ្នះនោះឡើយ ក្រោយពីហេតុការណ៍នោះ បានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និង០៣នាក់រងរបួស៕
៦៖ ទំនងជាការឆ្លើយតបចំពោះបន្ទូលរបស់ព្រះអង្គម្ចាស់ ទុនគូ អ៊ីស្មេល (Tunku Ismail) ដែលជាព្រះរាជទាយាទប្រចាំរដ្ឋ ចូហរ (Johor) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀន ម៉ូហាម៉េដ (Mahathir Mohamad) បានបញ្ជាក់ច្បាស់ៗថា មានតែប្រជាជនប៉ុណ្ណោះ ដែលអាចមានសិទ្ធិផ្លាស់ប្តូរនាយករដ្ឋមន្រ្តីបាន តាមរយៈសន្លឹកឆ្នោត៕