(ហ្ស៊ីមបាបវេ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អាកាសចរណ៍ Air Zimbabwe បានឆេះចេញភ្លើងមួយសន្ទុះនៅផ្នែកក្បែរកន្ទុយរបស់វា ដែលបណ្តាលមកពីបញ្ហាម៉ាស៊ីន ក្នុងពេលហោះហើរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។
បើតាមសេចក្តីថ្លែងការណ៍របស់អាកាសចរណ៍ហ្ស៊ីមបាបវេ សំណាងល្អបញ្ហាខាងលើពុំបាន បានការគំរាមកំហែងដល់ការបន្តហោះហើរ ឬក៏ក្រុមការងារយន្តហោះ និងអ្នកដំណើរឡើយ ហើយយន្តហោះបានចុះចតដោយសុវត្ថិភាព នៅក្នុងរដ្ឋធានីហារ៉ារ៉េ (Harare)។ យ៉ាងណាក៏ដោយ ក្រុមវិស្វករជំនាញកំពុងតែបើកការស៊ើបអង្កេតជុំវិញករណីនេះ។
គួរជម្រាបថា មិនមានការបញ្ជាក់ចំនួនមនុស្សសរុប ដែលធ្វើដំណើរនៅលើយន្តហោះឡើយ ខណៈយន្តហោះនោះជាប្រភេទ Boeing 767-200ER ជើងហោះហើរ UM642 ដែលមានគោលដៅធ្វើដំណើរពីទីក្រុង ចូហាន់ណែសប៊ឺក (Johannesburg) ប្រទេសអាហ្វ្រិកខាងត្បូងមកកាន់រដ្ឋធានី Hahare របស់ហ្ស៊ីមបាបវេ៕