Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ូលិសចិនបង្ក្រាបបានជើងមាន់ជាង៣០តោន ដែលលួចនាំចូលពីប្រទេសវៀតណាម

29-04-2019 16:43

(ប៉េកាំង)៖ ប៉ូលិសនៅខេត្តយុនណាន (Yunnan) ភាគនិរតីប្រទេសចិននាថ្ងៃចន្ទនេះ បានធ្វើការរឹបអូសជើងមាត់ក្លាសេទម្ងន់ ៣២តោន ដែលត្រូវ បានគេលួចនាំចូលពីប្រទេសវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។

ការិយាល័យសន្តិសុខសាធារណៈប្រចាំស្រុក ម៉ាក្វាន (Maguan) នៃខេត្ត Yunnan បានឲ្យដឹងថា ជើងមាន់ក្លាសេទាំងនោះ ដែលមានការវេចខ្ចប់បញ្ជាក់ថា មកពីប្រទេសវៀតណាម ត្រូវគេអាជ្ញាធរប្រទះឃើញពីកន្លែងស្តុកទំនិញចំនួន ០២ ដែលគ្មានអ្នកយាមកាម។ ប៉ូលិសចិនបានបញ្ជាក់ថា ពួកគេបានសម្រេចបំផ្លាញ ជើងមាន់ទាំងនោះចោល និងកំពុងស៊ើបអង្កេតលើករណីនេះ។

គួរជម្រាបថា ជើងមាន់ចម្អិនគឺជាអាហារសម្រន់ដ៏ពេញនិយមមួយ នៅក្នុងប្រទេសចិន ហើយដោយសារតែតម្រូវការធំបែបនេះ ទើបបណ្តាញឲ្យមានកំណើនសកម្មភាព នៃការនាំចូលដោយខុសច្បាប់ៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តួយ៉ាងខែមករាកន្លងទៅនេះ អាជ្ញាធរស្រុក Maguan នៃខេត្ត Yunnan ដដែល ដែលជាប់ព្រំប្រទល់ប្រទេសវៀតណាម ក៏បានរឹបអូសជើងមាន់ក្លាសេជាង ៣០តោន ដែលលួចនាំចូលពីវៀតណាមផងដែរ៕