Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីដាការបស់បង់ក្លាដែស បណ្តាលឲ្យមនុស្ស២នាក់ស្លាប់

29-04-2019 15:58

(ដាកា)៖ ជនសង្ស័យជាបណ្តាញក្រុមសកម្មប្រយុទ្ធចំនួន ០២នាក់ ត្រូវអាជ្ញាធរបង់ក្លាដែសបញ្ជាក់ថា បានស្លាប់ក្នុងហេតុការណ៍ផ្ទុះជាបន្តបន្ទាប់ នៅកន្លែងលាក់ខ្លួនរបស់ពួកគេ ក្នុងកំពុងឡុងប្រតិបត្តិការមួយរបស់កងកម្លាំងសន្តិសុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។

នាថ្ងៃចន្ទនេះកងកម្លាំងបង្រ្កាបបទឧក្រិដ្ឋបង់ក្លាដែស បានឡោមព័ទ្ធផ្ទះមួយខ្នងនៅតំបន់ បូស៊ីឡា (Bosila) នៃរដ្ឋធានីដាកា ជាទីដែលអាជ្ញាធរសង្ស័យថា មានជនសង្ស័យជាក្រុមសកម្មប្រយុទ្ធសំងំលាក់ខ្លួន។ ក្រោយមកហេតុការណ៍ផ្ទុះផ្ទួនៗគ្នា បានកើតឡើងនៅក្នុងផ្ទះនោះតែម្តង។

បើតាមការបញ្ជាក់ពីអាជ្ញាធរបង់ក្លាដែស សាកជនសង្ស័យយ៉ាងតិចចំនួន០២នាក់ បានផ្ទុះទៅជាបំណែកៗព្រោះថា ជើង០៣កំណាត់ត្រូវបានរកឃើញ នៅក្នុងកន្លែងកើតហេតុ។ ជាមួយគ្នានេះមនុស្សចំនួន ០៤នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរចម្លើយ។

គួរជម្រាបថា បង់ក្លាដែសបានបន្តធ្វើការរឹតបន្តឹងសន្តិសុខខ្លាំង ចាប់តាំងតែពីមានការវាយប្រហារពីក្រុមសកម្មប្រយុទ្ធ នៅឯហាងកាហ្វេមួយកន្លែង ក្នុងតំបន់ ហ្គាល់សាន (Gulshan) នៃទីក្រុងដាកា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្ស ២២នាក់ ភាគច្រើនជាជនបរទេស។ ចាប់ពីផ្ទុះករណីនោះមក ក្រុមប៉ូលិសបង់ក្លាដែស បានជារឿយៗបានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុម សកម្មប្រយុទ្ធ៕