(វៀងចន្ទ)៖ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវមានគម្រោងផលិតស្រូវឱ្យបានយ៉ាងហោចណាស់ ៥លានតោនក្នុងមួយឆ្នាំៗ ក្រោមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វស័យកសិកម្មរយៈពេល ០៥ឆ្នាំគិតត្រឹមឆ្នាំ២០២៥។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ចុះផ្សាយបន្តដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។
សារព័ត៌មាន Vientiane Times ដោយផ្អែកលើរបាយការណ៍យុទ្ធសាស្ត្រ ០៥ឆ្នាំរបស់ក្រសួងកសិកម្ម និងរក្ខប្រមាញ់ឡាវ បានបញ្ជាក់ទៀតថា ផលិតផលនៅក្នុងស្រុកសរុបនៃវិស័យកសិកម្ម និងរុក្ខាម្រាញ់ នឹងកើនឡើងក្នុងអត្រា ៣.៤ភាគរយ ដែលមានន័យថា វិស័យនេះបានចូលរួមចំណែក ១៩ភាគរយក្នុងកំណើនសេដ្ឋកិច្ចជាតិ។
មិនតែប៉ុណ្ណោះគិតត្រឹមឆ្នាំ២០២៥ ដោយការអនុវត្តផែនការកសិកម្មប្រកបដោយគុណភាព និងកិច្ចសហប្រតិបត្តិការជាមួយដៃគូឧស្សាហកម្មដទៃ ប្រជាជនឡាវនឹងទទួល បានសារធាតុចិញ្ចឹម ២,៦០០គីឡូកាឡូរីជាមធ្យមក្នុងមួយថ្ងៃ ពីចំណីអាហារក្នុងស្រុកដែលមានការកើនឡើង។
គួរបញ្ជាក់ថា បើតាមក្រសួងកសិកម្ម និងរក្ខប្រមាញ់ឡាវ ផលិតផលសាច់ និងស៊ុត បានកើនឡើងដល់ ៤១៤,០០០តោន ខណៈត្រី និងជលផលផ្សេងទៀត ២៩៧,០០០តោនក្នុងមួយឆ្នាំ។ ចំណែកឯការនាំចេញផលិតផលធ្វើពីសាច់ត្រូវបានគេរំពឹងថា នឹងកើនដល់ ១៥,០០០តោន៕