(ញូយ៉ក)៖ អាជ្ញាធររដ្ឋបាលអាកាសចរណ៍ស៊ីវិលអាមេរិក FAA ធ្លាប់បានពិចារណាបញ្ឈរជើងយន្ដហោះប្រភេទ Boeing 737 MAX មួយចំនួន កាលពីឆ្នាំ២០១៨ បន្ទាប់ពីបានសិក្សាស្វែងយល់ពីបញ្ហា ដែលកើតឡើងលើប្រព័ន្ធ anti-stall system (ប្រព័ន្ធបញ្ជាចល័តទិសស្វ័យប្រវត្តិ ដើម្បីកុំឲ្យយន្តហោះ បាត់បង់ការគ្រប់គ្រងពេលជួបគ្រោះអាសន្ន) ឬគេស្គាល់ថា MCAS ដែលជាមូលហេតុសង្ស័យដ៏ចម្បង នៃសោកនាដកម្មធ្លាក់យន្ដហោះនៅអេត្យូពី និងនៅឥណ្ឌូណេស៊ី។ នេះបើតាមការប្រភពស្និទ្ធនឹងការស៊ើបអង្កេត ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។
ប្រភពខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កាលពីឆ្នាំ២០១៨ ក្រុមអធិការកិច្ចនៃអាជ្ញាធរ FAA បានរកឃើញថា ក្រុមហ៊ុន Boeing បានបញ្ឈប់ដំណើរការនៃប្រព័ន្ធសញ្ញាអាសន្នមួយ ដែលត្រូវបានរចនាឡើងដើម្បី ជូនដំណឹងដល់ពីឡុតពីបញ្ហាមិនប្រក្រតីនៃប្រព័ន្ធ MCAS។ មិនតែប៉ុណ្ណោះ ក្រុមអធិការកិច្ចនេះក៏បានរកឃើញផងដែរថា ក្រុមហ៊ុន Boeing បានប្រែក្លាយប្រព័ន្ធសញ្ញាអាសន្នមួយនេះ ទៅជាជម្រើសបន្ថែមមួយផ្សេងទៀត ដែលមានតម្លៃកាន់តែថ្លៃ ហើយបានលួចបញ្ឈប់ដំណើរការប្រព័ន្ធនេះទៅវិញ នៅលើគ្រប់យន្ដហោះ 737 MAX ដែលប្រគល់ឱ្យក្រុមហ៊ុន Southwest Airlines ដោយមិនបានជូនដំណឹងអ្វីទាំងអស់។
ចំណកឯអាជ្ញាធររដ្ឋបាលអាកាសចរណ៍ស៊ីវិលអាមេរិក FAA ក៏ធ្លាប់បានពិចារណាបញ្ឈរជើងយន្ដហោះប្រភេទ Boeing 737 MAXដែរ ប៉ុន្តែពួកគេមិនបានចាត់វិធានការអ្វីឡើយ រហូតដល់មានករណីធ្លាក់យន្ដហោះ ប្រភេទនេះនៅអេត្យូពី ដែលបានផ្ដាច់ជីវិតមនុស្ស ១៥៧នាក់ ក្រោយសោកនាដកម្មធ្លាក់យន្ដហោះនៅឥណ្ឌូណេស៊ី ផ្ដាច់ជីវិតមនុស្ស ១៨៩នាក់។
គួរបញ្ជាក់ថា ទាំងខាងក្រុមហ៊ុន Boeing និងអាជ្ញាធររដ្ឋបាលអាកាសចរណ៍ស៊ីវិលអាមេរិក FAA មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ជុំវិញសេចក្ដីរាយការណ៍ខាងលើ៕