(គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ប្រទេសម៉ាឡេស៊ីលោក សាយេដ អាប់ឌុល រ៉ាហមែន (Syed Saddiq Syed Abdul Rahman) បានធ្វើការរិះគន់ ចំពោះ រាជទាយាទនៃរដ្ឋចូហ័រ (Johor) គឺព្រះអង្គម្ចាស់ ទុនគូ អ៊ីស្មេល (Tunku Ismail) ដែលបានធ្វើការជំទាស់ និងមិនបង្ហាញការគាំទ្រដល់នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក មហាធៀ មហាម៉េដ (Mahathir Mohamad) ពាក់ព័ន្ធការដោះដូរតំណែងមួយចំនួន នៅក្នុងវិស័យកីឡាជាតិ។ នេះបើតាមការដកស្រង់ព័ត៌មានពី Yahoo News នារសៀលថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។
លោករដ្ឋមន្ត្រីរូបសង្ហា ដែលមានវ័យក្មេងទើបតែ ២៦ឆ្នាំរូបនេះបានលើកឡើងថា «ប្រសិនបើព្រះអង្គម្ចាស់ចង់មើលការខុសត្រូវ លើសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) ដដែលនោះ វាគឺជារឿងលំបាកព្រោះព្រះអង្គបានធ្វើការលាលែង ចេញពីតំណែងប្រធាន FAM បាត់ទៅហើយ ទាំងដែលបានកាន់តំណែងនេះមិនដល់មួយឆ្នាំផង...។ ចូរព្រះអង្គម្ចាស់ស្រមៃមើល អំពីទំនួលខុសត្រូវរបស់លោកនាយករដ្ឋមន្ត្រី ដែលបានខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយប្រជាជាតិជាទីស្នេហារបស់យើង...»។
នៅមុននេះនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀន ម៉ូហាម៉េដ (Mahathir Mohamad) បានបញ្ជាក់ច្បាស់ៗថា មានតែប្រជាជនប៉ុណ្ណោះ ដែលអាចមានសិទ្ធិផ្លាស់ប្តូរនាយករដ្ឋមន្រ្តីបាន តាមរយៈសន្លឹកឆ្នោត ដែលនេះជាការឆ្លើយតបទៅនឹង ឃ្លីបវីដេអូមួយដែលត្រូវបានគេចែកចាយ នៅលើបណ្តាញអ៊ីនធើណែតថ្មីៗនេះ ព្រះម្ចាស់ស្នងរាជ្យរដ្ឋ Johor បានមានបន្ទូលបែបនេះថា «ជំនួសឲ្យការផ្លាស់ប្តូរគ្រូបង្វឹក ប៊ិនចាមីន ម៉ូរ៉ា (Benjamin Mora) នៃក្លឹបបាល់ទាត់ ចាហ័រ ដារ៉ាល់ តាហ្ស៊ីម (Jahor Darul Tazim) គួរតែផ្លាស់ប្តូរនាយករដ្ឋមន្រ្តីវិញទៅទើបល្អជាង»។
កាលពីសប្តាហ៍មុន ក្លឹបបាល់ទាត់នេះបានបាត់បង់ឱកាស ក្នុងការឈានទៅវគ្គបន្ទាប់នៃការប្រកួត AFC Champions League ហើយក្រុមអ្នកគាំទ្រភាគច្រើន ក៏បានអំពាវនាវឲ្យដកលោក Benjamin ចេញ។
ចំពោះមុខក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសបញ្ចប់ទស្សនកិច្ច នៅប្រទេសចិនកាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទីពីរ លោក Mahathir បានលើកឡើងដូច្នេះថា «តាមចាំកាលពីប៉ុន្មានទសវត្សរ៍មុន គឺធ្លាប់មាន ការបាត់បង់តំណែងមួយរយៈ នៃព្រះរាជទាយាទរដ្ឋ Johor ដែលតំណែងនេះ ត្រូវបានប្រគល់ទៅឲ្យព្រះអានុជ របស់ព្រះអង្គម្ចាស់ស្នងរាជ្យអង្គនោះជាបណ្តោះអាសន្ន ដោយសារការតែប្រព្រឹត្តខុសឆ្គង»។
លោក Mahathir បានបន្តថា តំណែងនេះអាចផ្លាស់ប្តូរបានដោយពុំចាំបាច់ត្រូវការ សន្លឹកឆ្នោតរបស់ប្រជាជនឡើយ ប៉ុន្តែតំណែងនាយករដ្ឋមន្រ្តីវិញ គឺអាចត្រូវផ្លាស់ប្តូរបាន តែតាមរយៈសន្លឹកឆ្នោតរបស់ប្រជាជនប៉ុណ្ណោះ។ គួរជម្រាបថា សែរាជវង្សរដ្ឋ Johor និងលោក Mahathir បាននិងកំពុងមានបញ្ហាវិវាទជាមួយគ្នា ដែលកើតចេញពីការលាលែងពី តំណែងថ្មីៗនេះនៃអភិបាលរដ្ឋ Johor លោក អូស្មាន់ សាពាន (Osman Sapian) ក្នុងចំណោមបញ្ហាមួយចំនួនទៀត៕