(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif នឹងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងពេលឆាប់ៗខាងមុខនេះ ខណៈប្រទេសទាំង២ សុទ្ធតែកំពុងជាប់ទណ្ឌកម្មអាមេរិកជុំវិញការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។
យោងតាម IRNA លោក Zarif ធ្វើការកត់សម្គាល់ពីដំណើរទស្សនិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើង នៅក្នុងបទ សម្ភាសន៍មួយដែលចុះផ្សាយនៅលើគេហទំព័រសារព័ត៌មានរដ្ឋមួយនេះកាលពីថ្ងៃអាទិត្យ។ ប៉ុន្តែគម្រោងដំណើរទស្សនកិច្ច នេះមិនទាន់ត្រូវបានបញ្ជាក់ពីពេលវេលាជាក់នោះទេ។
គួរជម្រាបថា កាលពីខែសីហា ឆ្នាំ២០១៨ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយក៏បានជួបពិភាក្សាងារជាមួយលោក Zarif និងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី ផងដែរ។ កូរ៉េខាងជើង និងអ៊ីរ៉ង់ត្រូវបានគេសង្ស័យថាបានលួចលាក់ផ្ទេរបរិក្ខា និងបច្ចេកវិទ្យាមីស៊ីលឱ្យគ្នា ជាពិសេស នៅអំឡុងសម័យសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ (ឆ្នាំ១៩៨០-១៩៨៨)៕