Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ត្រាំ ជំរុញលោក អាបេ ឲ្យជប៉ុនផលិតរថយន្តថែមទៀតនៅលើទឹកដីអាមេរិក

28-04-2019 13:39

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាក់ ត្រាំ បានជំរុញនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ធ្វើយ៉ាងណាឲ្យ ក្រុមហ៊ុនរថយន្តរបស់ប្រទេសជប៉ុន ងាកមកធ្វើការផលិតយានជំនិះឲ្យកាន់តែច្រើនថែមទៀត នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅជប៉ុន លោក William Hagerty ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩។

បើតាមការបញ្ជាក់របស់ លោក ​Hagerty លោក ត្រាំ និង លោក អាបេ បានជជែកពីបញ្ហាខាងលើ ក្នុងអំឡុងកិច្ចជួបពិភាក្សាមួយ រវាងមេដឹកនាំនៃប្រទេសទាំងពីរនៅឯសេតវិមាន កាលពីប៉ុន្មានថ្ងៃមុន។ នាថ្ងៃសៅរ៍សប្តាហ៍នេះ ថ្លែងនៅចំពោះមុខក្រុមអ្នកគាំទ្រ ក្នុងក្រុង Green Bay នៃរដ្ឋ Wisconsin លោក ដូណាល់ ត្រាំ ក៏បានបង្ហើបដែរថា ជប៉ុននឹងបោះទុនវិនិយោគ៤០ពាន់លានដុល្លារ មកក្នុងរោងចក្រផលិតរថយន្តនៅអាមេរិក តែលោកពុំបានបញ្ជាក់លម្អិតឡើយ។

គួរជម្រាបថា កន្លងមកនេះ លោកប្រធានាធិបតីអាមេរិក បានទទូចជាខ្លាំងចង់ឲ្យក្រុមហ៊ុនផលិតរថយន្តជប៉ុន បង្កើតការងារបន្ថែមនៅសហរដ្ឋអាមេរិក ស្របពេលដែលសេតវិមានរបស់លោក បានគំរាមដំឡើងពន្ធរហូតដល់២៥ភាគរយ ទៅលើការនាំចូលរថយន្ត ដោយសារមូលហេតុសន្តិសុខជាតិ៕