(តូក្យូ)៖ ខណៈព្រះចៅអធិរាជជប៉ុន អាគីហីតុ (Akihito) នឹងដាក់រាជ្យនាថ្ងៃអង្គារសប្តាហ៍ក្រោយ ហើយព្រះរាជទាយាទរបស់ទ្រង់ គឺព្រះអង្គម្ចាស់ ណារូហីតុ (Naruhito) ត្រូវឡើងស្នងរាជ្យបន្តពីព្រះបិតា ព្រះរាជពិធីសំខាន់ៗមួយចំនួននឹងត្រូវរៀបចំឡើង។
ការដាក់រាជសម្បត្តិលើកចុងក្រោយបំផុតដោយព្រះចៅអធិរាជជប៉ុន បានកើតមានតាំងតែពីឆ្នាំ១៨១៧។ ព្រះអង្គម្ចាស់ Naruhito នឹងក្លាយជាព្រះចៅអធិរាជថ្មី នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ក៏ប៉ុន្តែការឡើងគ្រងរាជសម្បត្តិជាផ្លូវការរបស់ទ្រង់ នឹងប្រព្រឹត្តទៅ ក្នុងព្រះរាជពិធីមួយផ្សេងទៀតនៅខែតុលាឯណោះ ក្រោមការចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់បរទេស។
ខាងក្រោមគឺជាកាលបរិច្ឆេទនៃព្រះរាជពិធីសំខាន់ៗមួយចំនួន៖
*ថ្ងៃទី៣០ ខែមេសា៖ ព្រះរាជពិធីដាក់រាជ្យរបស់ព្រះចៅអធិរាជ Akihito នឹងត្រូវរៀបចំឡើងក្នុងសាល Matsu no ma ឬ Hall of Pine នៃព្រះរាជវាំងជប៉ុន នាវេលាម៉ោង០៥៖០០នាទី ដល់ម៉ោង០៥៖១០នាទីល្ងាច (ម៉ោងនៅជប៉ុន) ក្រោមវត្តមានបុគ្គល៣០០នាក់ ហើយពិធីនេះនឹងត្រូវផ្សាយផ្ទាល់តាមកញ្ចប់ទូរទស្សន៍ជាតិជប៉ុន។ ក្នុងអំឡុងព្រះរាជពិធី រតនសម្បត្តិទាំង០៣របស់អធិរាជជប៉ុន គឺកញ្ចក់ពិសិដ្ឋ Yata no Kagami ដាវពិសិដ្ឋ Kusanagi no Tsurugi និងបន្តោងគុជ Yasakani no Magatama ដែលបានតម្កល់ទុក នៅកន្លែងខុសៗគ្នាក្នុងប្រទេសជប៉ុន នឹងត្រូវយកចូលទៅក្នុងសាល Matsu no ma។ វត្ថុទាំង០៣ គឺជានិមិត្តរូបនៃរាជបល្ល័ង្កជប៉ុន។ បន្ទាប់មកនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នឹងប្រកាសពីការដាក់រាជសម្បត្តិ ក្រោយព្រះចៅ Akihito មានបន្ទូលជាលើកចុងក្រោយទៅកាន់ប្រជាជាតិ ក្នុងនាមជាអធិរាជនៃប្រទេសជប៉ុន។
*ថ្ងៃទី០១ ខែឧសភា៖ ព្រះរាជពិធីស្នងរាជសម្បត្តិ ដែលជាដំណាក់កាលដំបូងនៃការឡើងស្នងរាជ្យរបស់ព្រះអង្គម្ចាស់ Naruhito បន្តពីព្រះបិតា នឹងប្រព្រឹត្តទៅនាវេលាម៉ោង១០៖៣០នាទីដល់ម៉ោង១០៖៤០នាទីព្រឹក។ រតនសម្បត្តិទាំង០៣ នឹងត្រូវដាក់នៅពីមុខព្រះចៅអធិរាជថ្មី ដើម្បីធ្វើជាតឹកតាងនៃការឡើងស្នងរាជសម្បត្តិ ដោយពេញសិទ្ធិរបស់ទ្រង់។ ព្រះរាជពិធីនេះនឹងមិនធំដុំប៉ុន្មានឡើយ ដោយនឹងមានការចូលរួមពីបណ្តាសែរាជវង្សជប៉ុនដែលជាបុរសៗ ព្រមទាំងតំណាងមកពីស្ថាប័នទាំង០៣របស់រដ្ឋាភិបាល ខណៈព្រះចៅ Akihito ដែលពេលនោះនឹងក្លាយជាអតីតអធិរាជ ក៏ដូចជាមហេសីរបស់ទ្រង់ មីឈីកុ (Michiko) នឹងពុំមានព្រះរាជវត្តមានឡើយ។
ព្រះរាជពិធីនេះ មិនអនុញ្ញាតឲ្យសែរាជវង្សជានារីភេទចូលរួមនោះទេ ប៉ុន្តែលោកស្រី Satsuki Katayama ដែលជាស្រ្តីតែម្នាក់គត់ក្នុងជួរគណៈរដ្ឋមន្រ្តីរបស់លោក អាបេ នឹងក្លាយជាស្រ្តីដំបូងគេក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ជប៉ុន ដែលនឹងបានចូលរួម។ ក្នុងព្រះរាជពិធីនោះ ព្រះរាជទាយាទ Naruhito នឹងគ្រងសម្លៀកបំពាក់បែបលោកខាងលិច ខណៈព្រះបិតាទ្រង់ ក៏បានគ្រងឈុតសម្លៀកបំពាក់បែបនេះដែរ នៅពេលព្រះអង្គបានក្លាយជាព្រះចៅអធិរាជជប៉ុន កាលពីខែមករា ឆ្នាំ១៩៨៩។
ប្រមាណជាកន្លះម៉ោងក្រោយព្រះរាជពិធីខាងលើ ព្រះចៅអធិរាជថ្មីនឹងមានព្រះបន្ទូលជាលើកដំបូងទៅកាន់ប្រជាជាតិចេញពីសាល Matsu no Ma ខណៈលោក អេបេ នឹងថ្លែងក្នុងនាមជាអ្នកតំណាងឲ្យប្រជាជាជន។ ក្នុងឱកាសនោះ មហេសីរបស់ព្រះចៅ Naruhito នឹងសមាជិកសែរាជវង្សឯទៀតៗក៏នឹងមានវត្តមានផងដែរ។
*ថ្ងៃទី០៤ ខែឧសភា៖ ព្រះចៅអធិរាជ Naruhito នឹងមហេសី ម៉ាសាកុ (Masako) នឹងទទួលស្វាគមន៍អ្នកជូនពរជូនជ័យ នៅព្រះរាជវាំង។ កាលពីឆ្នាំ១៩៩០ មនុស្សម្នាជាង១០០,០០០ម្នាក់បាននាំគ្នាទៅជូនពរជ័យដល់ព្រះចៅអធិរាជ Akihito និងមហេសី Michiko។
*ថ្ងៃទី២២ ខែតុលា៖ ព្រះរាជពិធីដ៏ធំមួយនឹងត្រូវធ្វើឡើង សម្រាប់ការឡើងគ្រងរាជសម្បត្តិជាផ្លូវការ របស់ព្រះចៅអធិរាជ Naruhito នៅចំពោះមុខឥស្សរជនមកពីបណ្តាប្រទេសជិត២០០ជុំវិញពិភពលោក។ ដោយក្នុងនោះព្រះរាជពិធីនេះ ព្រះចៅអធិរាជ Naruhito នឹងត្រូវគ្រងឈុតសម្លៀកបំពាក់បែបប្រពៃណីជប៉ុន និងគង់នៅលើឆាកមួយដែលគេហៅថា Takamikura។ ក្រោយមកព្រះចៅអធិរាជថ្មីនៃប្រទេសជប៉ុន នឹងប្រកាសពីការឡើងគ្រងរាជសម្បត្តិរបស់ទ្រង់ទៅកាន់ពិភពលោក។
ជាចុងក្រោយព្រះចៅអធិរាជ Naruhito ព្រមទាំងមហេសី នឹងយាងធ្វើដំណើរនៅក្នុងរថយន្តម៉ាក Toyota Century ដោយចំហដំបូង ឆ្លងកាត់កណ្តាលទីក្រុងតូក្យូ។ កាលពីឆ្នាំ១៩៩០ មនុស្សសរុបប្រមាណ១២០,០០០នាក់ ដោយភាគច្រើនឈរគ្រវីទង់ជាតិ បានតំរៀបជួរគ្នាតាមដងផ្លូវ ដើម្បីអបអរដល់ព្រះចៅអធិរាជ Akihito និងមហេសី Michiko នៅពេលទ្រង់ទាំងពីរធ្វើដំណើរក្នុងរថយន្ត Rolls-Royce Corniche III។
គួរជម្រាបថា បើតាមរដ្ឋាភិបាលជប៉ុន ការចំណាយសម្រាប់ពិធីឡើងគ្រងរាជសម្បត្តិរបស់ព្រះចៅអធិរាជថ្មីអាចមានទំហំខ្ទង់២.៧ពាន់លានយេន ឬ២៤លានដុល្លារ៕
ប្រភព៖ Reuters (នៅអាទិត្យ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩)